S&P តំឡើងចំណាត់ថ្នាក់ទំនុកចិត្តរយៈពេលវែងរបស់វៀតណាម
(VOVWORLD) - នៅថ្ងៃទី ២៦ ខែឧសភា ទីភ្នាក់ងារវាយតម្លៃទំនុកចិត្តអន្តរជាតិ S&P Global Ratings បានតំឡើងចំណាត់ថ្នាក់ទំនុកចិត្តរយៈពេលវែងរបស់វៀតណាមឡើងកំរិត BB+ ជាមួយនឹងយថាទស្សន៍"ស្ថិរភាព"។
រូបភាព៖ TTXVN |
យោងតាមព័ត៌មានពីក្រសួងហិរញ្ញវត្ថុ S&P បានតំឡើងចំណាត់ថ្នាក់ទំនុកចិត្តជាតិរបស់វៀតណាមឡើងដល់កំរិត BB+ ដោយផ្អែកលើការទទួលស្គាល់ថា ខឿនសេដ្ឋកិច្ចវៀតណាមកំពុងមានសន្ទុះស្តារឡើងវិញដ៏រឹងមាំ។ យថាទស្សន៍ "ស្ថិរភាព" ក៏បានបង្ហាញពីការព្យាករណ៍របស់ S&P ថា ក្នុងរយៈពេល ១២-២៤ ខែខាងមុខ សេដ្ឋកិច្ចវៀតណាមនឹងបន្តស្តារឡើងវិញ ជំនះលើការលំបាក និងបញ្ហាប្រឈមនានាដែលបណ្តាលមកពីជំងឺរាតត្បាតអស់រយៈពេល ២ឆ្នាំកន្លងទៅ រួមចំណែកពង្រឹងឋានៈអន្តរជាតិរបស់វៀតណាម និងទប់ស្កាត់ឱនភាពថាវិការ។
ជាក់ស្តែង S&P បានទទួលស្គាល់ថា សេដ្ឋកិច្ចវៀតណាមបានស្តារឡើងវិញជាវិជ្ជមាន ក្នុងបរិបទដែលរដ្ឋាភិបាលដកការរឹតត្បិតលើការធ្វើដំណើរក្នុងស្រុក និងឆ្លងដែន អត្រានៃការចាក់វ៉ាក់សាំងត្រូវបានកែលម្អគួរឲ្យចាប់អារម្មណ៍ និងមានជំហានផ្លាស់ប្តូរប្រកបដោយភាពបត់បែនក្នុងគោលនយោបាយគ្រប់គ្រងជំងឺកូវីដ-១៩។ ភាពប្រសើរឡើងយ៉ាងច្បាស់លាស់ក្នុងដំណើរការ និងនីតិវិធីរដ្ឋបាល របស់រដ្ឋាភិបាល ជាពិសេសទាក់ទងនឹងគុណភាពនៃការគ្រប់គ្រងបំណុលដែលមានការធានា រួមជាមួយនឹងយថាទស្សន៍សេដ្ឋកិច្ចដ៏ខ្លាំងក្លា ឋានៈអន្តរជាតិដ៏រឹងមាំ និងការទាញយកទុន វិនិយោគផ្ទាល់ពីបរទេស(FDI) ថ្វីបើមានជំងឺរាតត្បាតក៏ដោយ ទាំងនេះគឺជាកត្តាសំខាន់ដែលធ្វើឱ្យ S&P តំឡើងចំណាត់ថ្នាក់របស់វៀតណាម។
យោងតាមក្រសួងហិរញ្ញវត្ថុ ការពិតដែល S&P បានតំឡើងចំណាត់ថ្នាក់ទំនុកចិត្តជាតិរបស់វៀតណាម ក្នុងបរិបទនៃការប្រែប្រួលនិងបញ្ហាប្រឈមជាសកលគឺមានភាពវិជ្ជមានយ៉ាងខ្លាំងណាស់ ដោយបង្ហាញពីការកោតសរសើររបស់សហគមន៍អន្តរ ជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងដឹកនាំ និងប្រតិបត្តិរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាលវៀតណាម ដើម្បីរក្សាស្ថិរភាព ស្តារម៉ាក្រូសេដ្ឋកិច្ចឡើងវិញ និងពង្រឹងមូលដ្ឋាននយោបាយ-សង្គម៕