Stander Chartered: សេដ្ឋកិច្ចរបស់វៀតណាមមានកំណើនយ៉ាងឆាប់រហ័សបំផុតក្នុងអាស៊ាន
(VOVWORLD) - ក្នុងរបាយការណ៍ដែលបានប្រកាសនាពេលថ្មីៗនេះ ធនាគារ Standard Chartered បានព្យាករណ៍ថា វៀតណាមនឹងបន្តក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងអាស៊ាន តែក្នុងរយៈពេលខ្លី ជាមួយ នឹងកំណើនគ្រោងទុកថា ទទួលបាន ៦,៩% សម្រាប់ឆ្នាំ ២០១៩ នេះតែម្តង។
ក្នុងនោះ វិស័យផលិតកម្មដែលមានទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ត្រូវបានរំពឹងថា នឹងកើនឡើង ២ ខ្ទង់ ក្នុងឆ្នាំទី ៤ បន្តបន្ទាប់ ហើយនិងដើរតួជាកម្លាំងចលករសំខាន់ៗសម្រាប់បង្កើនកំណើនផងដែរ។
យោងតាមរបាយការណ៍ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Standard Chartered ថា លំហូរទុន FDI នឹងបន្តហូរចូលមកវៀតណាមយ៉ាងខ្លាំងក្នុងឆ្នាំនេះ ជាពិសេសនៅក្នុងវិស័យផលិតកម្ម ដែលមានដើមទុនទាក់ទាញចំនួន ១៨ ពាន់លានដុល្លារ។ ចំពោះអតិផរណា ធនាគារ Standard Chartered បានព្យាករណ៍ថា តួលេខនេះនឹងកើនឡើងតិចតួចក្នុងឆមាសទី ២ ពោលគឺជាមធ្យមទទូលបាន ២,៨% ធៀបនឹង ២,៦% ក្នុងឆមាសទីមួយ។
នៅក្នុងរបាយការណ៍នេះ Standard Chartered បានវាយតម្លៃថា សេដ្ឋកិច្ចរបស់វៀត ណាមកំពុងទាក់ទាញវិនិយោគិនអាស៊ានទាំងខ្នាតតូចនិងមធ្យមផងដែរ។ យោងតាម Standard Chartered វៀតណាមកំពុងនាំមកនូវបរិយាកាសទាក់ទាញសម្រាប់សហគ្រាសធុនមធ្យមជាមួយបំណងនាំមកនូវអនាគតវិបុលភាពសម្រាប់អាស៊ាន៕