SVB ក្ស័យធន ៖ FCB បានឈានដល់កិច្ចព្រមព្រៀងទិញយក SVB
(VOVWORLD) - នាថ្ងៃទី២៧ ខែមីនា គណៈកម្មការធានារ៉ាប់រងប្រាក់បញ្ញើសហរដ្ឋអាមេរិក (FDIC) បានប្រកាសថា ធនាគារ First Citizens Bank (FCB) បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីទិញគណនីប្រាក់បញ្ញើ និងប្រាក់កម្ចីទាំងអស់របស់ធនាគារ Silicon Valley (SVB) ។
FCB ទិញទ្រព្យសម្បត្តិរបស់ SVB ចំនួន ៧២ ពាន់លានដុល្លារ ដោយអប្បហារ ១៦,៥ ពាន់លានដុល្លារ។ (ប្រភព៖ Straits Times) |
សេចក្តីជូនដំណឹងបានបញ្ជាក់ថា First Citizens Bank & Trust Co ដែលជាក្រុមហ៊ុនមេរបស់ FCB បានឯកភាពលើលក្ខខណ្ឌជាមួយ FDIC ដើម្បីទិញយក SVB។ បច្ចុប្បន្ន FDIC កំពុងកាន់កាប់ជាបណ្តោះអាសន្នលើ SVB បន្ទាប់ពីធនាគារបច្ចេកវិទ្យាឈានមុខគេបានប្រកាសក្ស័យធនកាលពីសប្តាហ៍មុន។ យោងតាមកិច្ចព្រមព្រៀងខាងលើ សាខាចាស់ចំនួន ១៧ របស់ SVB នឹងបើកទ្វានៅថ្ងៃទី ២៧ ខែមីនា (ម៉ោងនៅសហរដ្ឋអាមេរិក) ក្នុងនាម FCB ហើយគណនីប្រាក់បញ្ញើរបស់អតិថិជន SVB ទាំងអស់នឹងត្រូវបានផ្លាស់ប្តូរដោយស្វ័យប្រវត្តិ ទៅជាគណនីរបស់ FCB វិញ។
FDIC បានបន្ថែមថា គិតត្រឹមថ្ងៃទី ១០ ខែមីនា ទ្រព្យសកម្មសរុបរបស់ SVB មានតម្លៃប្រហែល ១៦៧ ពាន់លានដុល្លារ និងប្រាក់បញ្ញើមានចំនួន ១១៩ ពាន់លានដុល្លារអាមេរិក។ កិច្ចព្រមព្រៀងរវាងភាគីទាំងពីរបានអនុញ្ញាតឱ្យ FCB ទិញទ្រព្យសម្បត្តិរបស់ SVB ចំនួន ៧២ ពាន់លានដុល្លារ ដោយអប្បហារ ១៦,៥ ពាន់លានដុល្លារ។ FDIC នៅតែគ្រប់គ្រងមូលបត្រប្រហែល ៩០ ពាន់លានដុល្លារ និងទ្រព្យសម្បត្តិផ្សេងទៀតរបស់ SVB ៕