UN និងអាមេរិក ស្វាគមន៍បទឈប់បាញ់រវាងភាគីជម្លោះនៅតំបន់ហ្គាហ្សា

(VOVWORLD) - អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី៧ ខែសីហា (ម៉ោងនៅអាមេរិក) បានស្វាគមន៍បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធជីហាដអ៊ីស្លាម (PIJ) នៅតំបន់ហ្គាហ្សា ក្រោមការសម្របសម្រួលរបស់អេហ្ស៊ីប។
UN និងអាមេរិក ស្វាគមន៍បទឈប់បាញ់រវាងភាគីជម្លោះនៅតំបន់ហ្គាហ្សា - ảnh 1ទាហានអ៊ីស្រាអែលជាមួយនឹងឧបករណ៍យោធានៅតំបន់ព្រំដែនជាមួយតំបន់ហ្គាហ្សា ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២។ (រូបថត៖ THX/TTXVN)

អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Stephane Dujarric បានឲ្យដឹងថា លោក Guterres បានសម្តែងការសោកសៅចំពោះរបាយការណ៍ស្តីពីចំនួនអ្នកស្លាប់ និងរងរបួស ដែលក្នុងនោះរួមទាំងកុមារ នៅក្នុងជម្លោះអស់រយៈពេលបីថ្ងៃកន្លងទៅនៅតំបន់ហ្គាហ្សា។ លោកអគ្គលេខាធិការ Guterres បានអំពាវនាវឱ្យភាគីទាំងអស់គោរពតាមបទឈប់បាញ់ និងបានបញ្ជាក់ពីការប្តេជ្ញារបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រដំណោះស្រាយរដ្ឋពីរ ដោយផ្អែកលើសេចក្តីសម្រេចចិត្តដែលជាប់ពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងតាំងពីមុននោះ។

នាថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក Joe Biden ក៏បានស្វាគមន៍បទឈប់បាញ់រវាងអ៊ីស្រាអែល និង PIJ នៅតំបន់ហ្គាហ្សាផងដែរ។ លោក Biden បានឲ្យដឹងថា សហរដ្ឋអាមេរិកបានសម្របសម្រួលជាមួយមន្ត្រីអ៊ីស្រាអែល និងប៉ាឡេស្ទីន ក៏ដូចជាប្រទេសដទៃទៀតនៅក្នុងតំបន់ ដើម្បីជំរុញឱ្យមានដំណោះស្រាយយ៉ាងឆាប់រហ័សចំពោះជម្លោះនេះ។

មុននោះ តាមរយៈកិច្ចខិតខំប្រឹងប្រែងអន្តរការីរបស់អេហ្ស៊ីប អ៊ីស្រាអែល និង PIJ បានឯកភាពគ្នា បញ្ឈប់ការបាញ់ប្រហារនៅតំបន់ហ្គាហ្សា ដែលតាមនោះ បទឈប់បាញ់បានចូលជាធរមានចាប់ពីម៉ោង ២៣:៣០ នាទី ថ្ងៃទី ៧ ខែសីហា (ម៉ោងក្នុងតំបន់)។ អាជ្ញាធរសុខាភិបាលនៃតំបន់ហ្គាហ្សាបានឲ្យដឹងថា ជម្លោះនេះបានបណ្តាលឲ្យប្រជាជនប៉ាឡេស្ទីនចំនួន ៤៤ នាក់បានស្លាប់ ក្នុងនោះមានកុមារ ១៥នាក់ ខណៈដែលមនុស្សចំនួន ៣៦០នាក់ផ្សេងទៀតបានរងរបួស និងផ្ទះសម្បែងជាច្រើនខ្នង់រងការបំផ្លិចបំផ្លាញ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ