UN ប្រកាសការព្យាករណ៍អវិជ្ជមានសម្រាប់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ

(VOVWORLD) - អង្គការសហប្រជាជាតិកាលពីថ្ងៃទី ៤ ខែមករា បានចេញផ្សាយរបាយការណ៍ព្យាករណ៍ដែលបញ្ជាក់ថា កំណើនសេដ្ឋកិច្ចពិភពលោកឆ្នាំនេះត្រូវបានព្យាករណ៍សម្រេចបាន ២,៤%ប៉ុណ្នោះ ទាបជាងកម្រិត ២,៧% កាលពីឆ្នាំមុន។

យោងតាមរបាយការណ៍យថាទស្សន៍សេដ្ឋកិច្ចពិភពលោកឆ្នាំ ២០២៤ របស់អង្គការសហប្រជាជាតិ (UN) ពាណិជ្ជកម្មសកលមានការធ្លាក់ចុះ ការចំណាយលើការខ្ចីប្រាក់ខ្ពស់ ការកើនឡើងនៃបំណុលសាធារណៈ និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយបានធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកប្រឈមនឹងហានិភ័យខ្ពស់។

UN ប្រកាសការព្យាករណ៍អវិជ្ជមានសម្រាប់សេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ - ảnh 1កំពង់ផែកុងតឺន័រនៅទីក្រុង Qingdao ខេត្ត Shandong ប្រទេសចិន។ រូបថត៖ THX/TTXVN

ជាក់ស្តែង នៅសហរដ្ឋអាមេរិក អត្រាកំណើននៅឆ្នាំនេះត្រូវបានព្យាករណ៍មានចំនួន ១,៤% ទាបជាងការព្យាករណ៍កាលពីឆ្នាំមុនគឺ ២,៥% ។ សេដ្ឋកិច្ចរបស់ជប៉ុនត្រូវបានព្យាករណ៍ថានឹងកើនឡើង ១,២% នៅឆ្នាំនេះ ទាបជាងតួរលេខរំពឹងទុកគឺ ១,៧% កាលពីឆ្នាំមុន។ ក្នុងពេលជាមួយគ្នានោះ សហភាពអឺរ៉ុប (EU) អាចនឹងសម្រេចបាននូវអត្រាកំណើនខ្ពស់ជាង ដោយកើនឡើងពីកម្រិត ០,៥% កាលពីឆ្នាំមុន ឡើងដល់ ១,២% នៅឆ្នាំនេះ។ ប្រធានផ្នែកវិភាគសេដ្ឋកិច្ចនិងគោលនយោបាយ នាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ លោក Shantanu Mukherjee បានព្រមានថា អតិផរណាខ្ពស់នឹងក្លាយជាបញ្ហាធំសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន៖ "សម្រាប់ ១/៤នៃប្រទេសកំពុងអភិវឌ្ឍន៍ ការព្យាករណ៍អតិផរណាឆ្នាំនេះនឹងមានលើសពី ១០% ។ ប្រការនេះនឹងធ្វើឲ្យកម្លាំទិញរបស់ប្រជាជនធ្លាក់ចុះ ដែលបង្កការលំបាកបន្ថែមទៀតដល់វណ្ណៈកណ្តាលនិងជនក្រីក្រ។ ភាពអត់ឃ្លាននឹងនៅតែជាបញ្ហាចម្បងមួយ ដោយសារអតិផរណា តម្លៃស្បៀងនៅតែកើនឡើងខ្ពស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន"។

 ជាទូទៅ លោក Shantanu Mukherjee បានវាយតម្លៃថា ពិភពលោកកំពុងជួបការលំបាកក្នុងការវិលត្រឡប់មករកអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ៣% ដូចនៅក្នុងអំឡុងពេលមុនជំងឺរាតត្បាត Covid-១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ