UN អំពាវនាវឱ្យបណ្តាប្រទេស បរិច្ចាគទឹកប្រាក់ចំនួន ២៣ ពាន់លានដុល្លារ ដើម្បីបញ្ចប់ជំងឺរាតត្បាតក្នុងឆ្នាំ២០២២
(VOVWORLD) - នៅថ្ងៃទី ៩ ខែកុម្ភៈ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) លោក Antonio Guterres និងមេដឹកនាំពិភពលោកជាច្រើន បានអំពាវនាវឱ្យបណ្តាប្រទេស បរិច្ចាគទឹកប្រាក់ប្រហែល ២៣ពាន់លានដុល្លារ សម្រាប់ COVAX ដើម្បីអាចបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩នៅចុងឆ្នាំនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងមតិនៅទីក្រុងញូវយ៉ក អាមេរិក ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២ (រូបថត៖ THX/TTXVN) |
អគ្គលេខាធិកាលោក Guterres បានសង្កត់ធ្ងន់ថា ពិភពលោកត្រូវធ្វើសកម្មភាពជាបន្ទាន់ ពីព្រោះវិសមភាពវ៉ាក់សាំងបង្ការកូវីដ-១៩បន្តអូសបន្លាយ នឹងក្លាយជាការបរាជ័យខាងសីលធម៌ដ៏ធំបំផុតរបស់មនុស្សជាតិ ហើយពិភពលោកនឹងមិនអាចរុញថយក្រោយជំងឺរាតត្បាតបានឡើយ។
បច្ចុប្បន្ននេះ គំនិតផ្តួចផ្តើម COVAX កំពុងខ្វះខាតប្រហែល ១៦ពាន់លានដុល្លារ ដើម្បីដាក់ពង្រាយសកម្មភាពផ្តល់ជំនួយវ៉ាក់សាំង។ មុននោះ អង្គការសហប្រជាជាតិ បានផ្ញើសារលិខិតមួយទៅកាន់ប្រទេសអ្នកមានចំនួនជាង៥០ នៅជុំវិញពិភពលោក ដោយស្នើសុំផ្តល់ជំនួយថវិកាសម្រាប់ COVAX។ យោងតាមអង្គការសហប្រជាជាតិ ប្រសិនបើពិភពលោកបន្តយឺតយ៉ាវក្នុងការចែកចាយវ៉ាក់សាំងប្រកបដោយសមភាពនោះ ការខូចខាតផ្នែកហិរញ្ញវត្ថុនៃខឿនសេដ្ឋកិច្ចពិភពលោកនឹងកើនឡើង ៤ដង ច្រើនជាងការវិនិយោគសម្រាប់កម្មវិធីចែកចាយវ៉ាក់សាំងសកល ដើម្បីប្រឆាំងនឹងជំងឺរាតត្បាតទៅទៀត។
តាមការគ្រោងទុក អង្គការសហប្រជាជាតិនឹងបង្កើតឃ្លាំងស្តុកវ៉ាក់សាំងដោយមានវ៉ាក់សាំងប្រហែល ៦០០លានដូស ទិញឧបករណ៍ធ្វើតេស្តចំនួន ៧០០លាន និងធានាការផ្គត់ផ្គង់ម៉ាស៊ីនដកដង្ហើម និងថ្នាំព្យាបាលសម្រាប់អ្នកជំងឺប្រហែល ១២០លាននាក់ សំដៅបំពេញតម្រូវការរបស់បណ្តាប្រទេសក្រីក្រ។ មូលនិធិដែលកៀងគរបាន នឹងត្រូវបានប្រើដើម្បីទិញឧបករណ៍ការពារសម្រាប់បុគ្គលិកសុខាភិបាល និងឧបករណ៍ជួយសង្គ្រោះបន្ទាន់សម្រាប់ប្រទេសដែលមានចំណូលទាប និងមធ្យមផងដែរ៕