UN អំពាវនាវឲ្យផ្តល់ជំនួយ ២,៨ ពាន់លានដុល្លារសម្រាប់តំបន់ហ្គាហ្សា និងតំបន់ Westbank
(VOVWORLD) - អង្គការសហប្រជាជាតិ (UN) នាថ្ងៃទី ១៦ ខែមេសា បានអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមចំណែកថវិកាចំនួន ២,៨ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ ដើម្បីជួយឧបត្ថម្ភប្រជាជននៅតំបន់ហ្គាហ្សា ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម ក៏ដូចជាប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ West Bank ដែលរងការទន្ទ្រានកាន់កាប់។
យោងតាមលោក Andrea De Domenico នាយកការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំនៅប៉ាឡេស្ទីន កញ្ចប់ហិរញ្ញប្បទានបន្ទាន់នេះគឺដើម្បីដោះស្រាយតម្រូវការមនុស្សធម៌រហូតដល់ដំណាច់ឆ្នាំនេះ សម្រាប់មនុស្សប្រមាណ ៣ លាននាក់កំពុងរស់នៅតំបន់ West Bank និងតំបន់ហ្គាហ្សា ដែលក្នុងនោះថវិកាប្រហែល ៩០% គឺសម្រាប់ឧបត្ថម្ភតំបន់ហ្គាហ្សា។
ប្រជាជននៅតំបន់ហ្គាហ្សាទទួលបានជំនួយមនុស្សធម៌។ រូបថត៖ UN NEWS |
អង្គការសហប្រជាជាតិព្រមានថា ប្រជាជនរាប់ពាន់នាក់ក្នុងតំបន់ហ្គាហ្សាកំពុងប្រឈមនឹងភាពអត់ឃ្លាន ជាពិសេសនៅភាគខាងជើងនៃតំបន់នេះ ដែលការផ្តល់ជំនួយនិងស្បៀងអាហារនៅមានកម្រិត។ យោងតាមលោក De Domenico ការផ្តល់ជំនួយនៅខាងក្នុងតំបន់ហ្គាហ្សានៅតែប្រឈមនឹងការពន្យារពេលយ៉ាងសំខាន់ ដោយសារតែការត្រួតពិនិត្យសន្តិសុខ ហើយ ៤១% នៃសំណើផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិកាលពីសប្តាហ៍មុននៅក្នុងតំបន់ហ្គាហ្សាភាគខាងជើងត្រូវបានបដិសេធ៕