UNDP - ដៃគូសំខាន់ និងគួរឱ្យទុកចិត្តរបស់វៀតណាមលើមាគ៌ាអភិវឌ្ឍន៍ និងសមាហរណកម្ម
(VOVWORLD) - លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចយឺតយ៉ាវ ធ្វើឲ្យបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរ បណ្ដាលឲ្យភារកិច្ចស្ដារ និងរក្សាស្ថិរភាពអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរជាង។
កិច្ចសន្ទនាជាមួយបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ (រូបថត៖ VNA) |
នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ក្រុមប្រឹក្សាប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) កាលពីម្សិលមិញ (ថ្ងៃទី ៦ ខែមិថុនា) បានបើកកិច្ចសន្ទនាជាមួយបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ ដើម្បីផ្លាស់ប្តូរមេរៀនបទពិសោធន៍ស្តីពីការអភិវឌ្ឍជំនះពុះពារលើវិបត្តិ ប្រែក្លាយសេចក្តីប្រាថ្នាជាតិទៅជាលទ្ធផលជាក់ស្តែង។
ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ ត្រូវបានអញ្ជើញធ្វើជាវាគ្មិនសំខាន់ក្នុងសម័យប្រជុំ ដើម្បីចែករំលែកមេរៀនជោគជ័យរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចយឺតយ៉ាវ ធ្វើឲ្យបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរ បណ្ដាលឲ្យភារកិច្ចស្ដារ និងរក្សាស្ថិរភាពអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរជាង។
ក្នុងបរិបទនោះ រដ្ឋាភិបាលវៀតណាមបានអនុវត្តន៍វិធានការជាច្រើនដើម្បីធានាសុខភាពប្រជាជន គ្រប់គ្រងជំងឺរាតត្បាតប្រកបដោយជោគជ័យ ដោយមិនលះបង់សុខភាពប្រជាជន ដើម្បីយកកំណើនសេដ្ឋកិច្ច។ វៀតណាមបានអនុវត្តន៍ប្រកបដោយជោគជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ ដោយធានាថាមនុស្សគ្រប់រូបត្រូវបានចាក់វ៉ាក់សាំងពេញលេញនៅក្នុងខែមីនាឆ្នាំមុន។ អាស្រ័យហេតុនេះ វៀតណាមបានស្ដារឡើងវិញប្រកបដោយប្រសិទ្ធភាពក្រោយជំងឺរាតត្បាត កំណើនសេដ្ឋកិច្ចសម្រេចបាន ៨.០២% កាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព និងការគ្រប់គ្រងបំណុលសាធារណៈប្រកបដោយប្រសិទ្ធភាព។
លទ្ធផលនេះផ្ដើមចេញពីមេរៀនបទពិសោធន៍ដ៏សំខាន់ៗ នោះគឺភាពខ្លួនទីពឹងខ្លួន ភារកិច្ចចម្បងរបស់រដ្ឋាភិបាលគឺការពារ និងលើកកម្ពស់ជីវភាពរស់នៅ និងបរិយាកាសរបស់ប្រជាពលរដ្ឋ តាមរយៈការថែរក្សាស្ថិរភាពនយោបាយ ធានាម៉ាក្រូសេដ្ឋកិច្ច សន្តិសុខសង្គម មិនបំភ្លេចចោលនរណាម្នាក់ឡើយ។
ថ្លែងមតិក្នុងជំនួបនេះ តំណាង UNDP និងប្រទេសនានាបានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលវៀតណាមសម្រេចបានក្នុងការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ធានាសន្តិសុខសង្គមតាមរយៈគោលនយោបាយសមស្រប និងទាន់ពេលវេលា ក៏ដូចជាបទពិសោធន៍របស់វៀតណាមក្នុងការកសាងភាពម្ចាស់ការនិងឯករាជ្យលើមាគ៌ាអភិវឌ្ឍន៍៕