UNWTO៖ វិស័យទេសចរណ៍ពិភពលោកក្នុងឆ្នាំ ២០២១ ស្ទើរតែមិនមានការរីកចម្រើន បើប្រៀបធៀបនឹងឆ្នាំ ២០២០
(VOVWORLD) - នៅថ្ងៃទី ១៨ ខែមករា អង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ (UNWTO) បានចេញផ្សាយរបាយការណ៍មួយដែលបានបង្ហាញថា វិស័យទេសចរណ៍ពិភពលោកក្នុងឆ្នាំ ២០២១ ស្ទើរតែមិនមានការរីកចម្រើនទាល់តែសោះ បើប្រៀបធៀបនឹងឆ្នាំ ២០២០ ដោយមានសូចនាករទាំងអស់នៅកម្រិតទាបជាងដំណាក់កាលមុនជំងឺរាតត្បាតកូវីដ-១៩។
អ្នកដំណើររងចាំបំពេញបែបបទនៅអាកាសយានដ្ឋានអន្តរជាតិ Suvarnabhumi ទីក្រុងបាងកក។ រូបថត៖ (THX/ TTXVN)
|
យោងតាមរបាយការណ៍នេះ អត្រាចាក់វ៉ាក់សាំងបានកើនឡើង និងការបន្ធូរបន្ថយវិធានការរឹតបន្តឹងការធ្វើដំណើរ បានជួយឲ្យវិស័យទេសចរណ៍ពិភពលោកបានស្តារឡើងវិញបន្តិច ក្នុងឆមាសទីពីរឆ្នាំ២០២១ ប៉ុន្តែការឆ្លងរីករាលដាលនៃវីរុសបំប្លែងថ្មី Omicron នៅខែធ្នូ ឆ្នាំ ២០២១ បានបណ្តាលឱ្យការកក់សំបុត្រធ្វើដំណើរមានការថយចុះ។ របាយការណ៍របស់ UNWTO បានលើកច្បាស់ថា៖ “អត្រានៃការស្តារវិស័យទេសចរណ៍ឡើងវិញ នៅតែមានភាពយឺតយ៉ាវ និងមិនស្មើគ្នានៅទូទាំងតំបន់នៃពិភពលោក ដោយសារតែកម្រិតខុសគ្នា នៃវិធានការរឹតបន្តឹងការធ្វើដំណើរ អត្រាចាក់វ៉ាក់សាំង និងការជឿទុកចិត្តរបស់ភ្ញៀវទេសចរណ៍”។
របាយការណ៍បានឲ្យដឹងថា នៅឆ្នាំ ២០២១ តំបន់អឺរ៉ុបខាងត្បូង អាមេរិកកណ្តាល និងតំបន់ការាបៀន បានកត់ត្រាការកើនឡើងខ្ពស់បំផុតនៃចំនួនភ្ញៀវទេសចរ បើប្រៀបធៀបនឹងឆ្នាំ ២០២០ ប៉ុន្តែ នៅតែទាបជាងឆ្នាំ ២០១៩។ ក្នុងពេលជាមួយគ្នានោះ ប្រាក់ចំណូលផ្ទាល់របស់វិស័យទេសចរណ៍ពិភពលោកក្នុងឆ្នាំ ២០២១ បានកើនឡើង ១៩% បើធៀបនឹងឆ្នាំ ២០២០ ឡើងដល់កំរិត ១,៩ពាន់ពាន់លានដុល្លា ដោយសារភ្ញៀវទេសចរណ៍និមួយៗបានចំណាយច្រើនជាង និងពេលវេលាសម្រាប់ធ្វើដំណើរក៏យូរជាងឆ្នាំ២០២០ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលនៃវិស័យនេះ នៅតែមិនលើសពីពាក់កណ្តាលនៃប្រាក់ចំណូលឆ្នាំ ២០១៩៕