WB បន្តរួមដំណើរជាមួយវៀតណាមក្នុងដំណើរអភិវឌ្ឍន៍
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ WB យកចិត្តទុកដាក់ផ្តល់អាទិភាពដល់វៀតណាមបន្តទទួលបានជំនួយឥតសំណង ព្រមទាំងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ជួយឧបត្ថម្ភប្រភពកម្លាំង ដើម្បីកសាងរបាយការណ៍វៀតណាមឆ្នាំ ២០៤៥ ធានាលក្ខណៈយុទ្ធសាស្ត្រ សមស្របនឹងគោលដៅ និងទិសដៅដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យអភិវឌ្ឍន៍ដល់ឆ្នាំ ២០៤៥ របស់វៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក (WB) ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក |
នារសៀលថ្ងៃទី ២១ មិនា អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក (WB) ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមតែងតែចាត់ទុក WB ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ ហើយ WB បានជួយឧបត្ថម្ភ និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម ផ្តល់ប្រឹក្សាគោលនយោបាយម៉ាក្រូជាច្រើន ហើយនាពេលថ្មីៗនេះបានជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពក្នុងការកសាងរដ្ឋាភិបាលអេឡិចត្រូនិក។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ WB យកចិត្តទុកដាក់ផ្តល់អាទិភាពដល់វៀតណាមបន្តទទួលបានជំនួយឥតសំណង ព្រមទាំងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ ជួយឧបត្ថម្ភប្រភពកម្លាំង ដើម្បីកសាងរបាយការណ៍វៀតណាមឆ្នាំ ២០៤៥ ធានាលក្ខណៈយុទ្ធសាស្ត្រ សមស្របនឹងគោលដៅ និងទិសដៅដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យអភិវឌ្ឍន៍ដល់ឆ្នាំ ២០៤៥ របស់វៀតណាម។ ចំពោះភាគីវៀតណាម រដ្ឋាភិបាលនឹងបន្តពិគ្រោះយោបល់ជាមួយ WB និងក្រុមធនាគារអភិវឌ្ឍន៍ទាំង៦ ដើម្បីពិភាក្សាអំពីដំណោះស្រាយជាក់លាក់ សំដៅបន្តសុក្រិតរបៀបរបប គោលនយោបាយ និងដោះស្ដាយបញ្ហាជំពាក់ជំពិនជាបន្ទាន់។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏មានគោលបំណងថា ការិយាល័យធនាគារពិភពលោកប្រចាំនៅវៀតណាមនឹងដើរតួនាទីដ៏ធំធេងជាង ហើយក្លាយទៅជាមជ្ឈមណ្ឌលសម្របសម្រួលតំបន់មេគង្គ ដើម្បីជួយសម្រួលបណ្ដាគម្រោងតភ្ចាប់ ដែលមានលក្ខណៈយុទ្ធសាស្ត្រក្នុងតំបន់។
ទិដ្ឋភាពនៃជំនួបធ្វើការ |
ជាការឆ្លើយតប លោកស្រី Manuela.V Ferro បានសង្កត់ធ្ងន់ថា WB នឹងបន្តរួមដំណើរជាមួយរដ្ឋាភិបាលវៀតណាមក្នុងដំណើរអភិវឌ្ឍន៍នាពេលខាងមុខ ហើយត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភយ៉ាងសកម្មដល់ការអភិវឌ្ឍរបាយការណ៍វៀតណាមឆ្នាំ ២០៤៥។ តាមនោះ រួមចំណែកជួយវៀតណាមសម្រេចឲ្យបានយុទ្ធសាស្ត្រ ផែនការនិងគោលដៅដែលបានដាក់ចេញ ជាពិសេសក្នុងការកៀរគរប្រភពធនធានសង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអនុវត្តការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល ការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន ការអភិវឌ្ឍយ៉ាងឆាប់រហ័សប្រកបដោយ និរន្តរភាព បរិយាប័ន្ន បង្កើនការតភ្ជាប់ សមាហរណកម្មអន្តរជាតិ ឆ្ពោះទៅរកគោលដៅក្លាយទៅជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ ខាងមុខ៕