WB បានអះអាងគាំទ្រវៀតណាម ឱ្យក្លាយជាខឿនសេដ្ឋកិច្ចមានប្រាក់ចំណូលខ្ពស់
(VOVWORLD) - យោងតាមក្រុមហ៊ុន Fiber2Fashion (អាមេរិក) នៅថ្ងៃទី ៣០ ខែមីនា អនុប្រធានធនាគារពិភពលោក (WB) ទទួលបន្ទុកតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោកស្រី Manuela V. Ferro បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃនៅវៀតណាម។
លោកស្រី Manuel V.Ferro អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ (រូបថត៖ TTXVN) |
ក្នុងដំណើរទស្សនកិច្ចនេះ អនុប្រធាន WB បានអះអាងសារជាថ្មីនូវការប្តេជ្ញារបស់ WB ក្នុងការជួយឧបត្ថម្ភវៀតណាមសម្រេចបានគោលដៅក្លាយជាខឿនសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៤៥ និងឈានដល់ការបំភាយឧស្ម័នសូន្យសុទ្ធនៅឆ្នាំ ២០៥០។ លោកស្រី Ferro បានសង្កត់ធ្ងន់ថា WBបានត្រៀមខ្លួនជាស្រេច ជួយគាំទ្រយ៉ាងសកម្មក្នុងការកសាងរបាយការណ៍វៀតណាមឆ្នាំ២០៤៥ រួមចំណែកជួយវៀតណាមសម្រេចគោលដៅក្លាយជាខឿនសេដ្ឋកិច្ចដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ ២០៤៥។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅវៀតណាម លោកស្រី Ferro បានអញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានរដ្ឋសភាលោក Vuong Dinh Hue និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត។ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីអាទិភាពនិងបញ្ហាប្រឈមនៃការអភិវឌ្ឍរបស់វៀតណាម ក៏ដូចជារបៀបដែលវៀតណាមអាចទាញយកផលប្រយោជន៍ពីការជួយឧបត្ថម្ភរបស់ធនាគារពិភពលោក សំដៅសម្រេចបានលទ្ធផលជាក់ស្តែង ដែលជួយលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ លោកស្រី Ferro បានសង្កត់ធ្ងន់ថា WB នឹងស្នើចេញដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហាប្រឈម នៃការអភិវឌ្ឍស្របតាមលក្ខណៈពិសេសនិងឱកាសអភិវឌ្ឍន៍របស់វៀតណាម ៕