WHO ថ្កោលទោសអ៊ីស្រាអែលចំពោះការបំផ្លាញមន្ទីរពេទ្យនៅតំបន់ហ្គាហ្សា
(VOVWORLD) - នាថ្ងៃទី ១៧ ខែធ្នូ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានថ្កោលទោសការបំផ្លិចបំផ្លាញមន្ទីរពេទ្យ Kamal Adwan របស់អ៊ីស្រាអែលនៅភាគខាងជើងតំបន់ហ្គាហ្សា។
នៅលើបណ្តាញសង្គម X លោក Tedros Adhanom Ghebreyesus បានសម្តែងថា WHO មានការសោកស្ដាយចំពោះការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៃមន្ទីរពេទ្យ Kamal Adwan ភាគខាងជើងតំបន់ហ្គាហ្សា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ ដែលធ្វើឲ្យមន្ទីរពេទ្យមិនអាចដំណើរការបាននិងយ៉ាងហោចណាស់អ្នកជំងឺ ៨ នាក់បានស្លាប់។ មិនត្រឹមតែប៉ុណ្ណោះ របាយការណ៍ក៏បង្ហាញថា បុគ្គលិកសុខាភិបាលជាច្រើនត្រូវបានចាប់ខ្លួន។ បច្ចុប្បន្ន អង្គការសុខភាពពិភពលោកនិងដៃគូកំពុងបញ្ចាក់ព័ត៌មានជាបន្ទាន់អំពីស្ថានភាពរបស់បុគ្គលិកសុខាភិបាលទាំងនេះ។
អគារមួយត្រូវបានបំផ្លាញបន្ទាប់ពីការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។ រូបថត៖ THX/TTXVN |
ក្នុងពេលជាមួយគ្នានោះ កងទ័ពអ៊ីស្រាអែលនាថ្ងៃទី ១៧ ធ្នូ បានបន្តបង្កើនការវាយប្រហារតាមជើងអាកាសលើតំបន់ហ្គាហ្សា ដើម្បីកំទេចចលនាអ៊ីស្លាមហាម៉ាសនៅទីនេះ។ សេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសនេះនឹងធ្វើប្រតិបត្តិការយោធារហូតដល់ចំណាប់ខ្មាំងទាំងអស់ដែលក្រុមហាម៉ាសចាប់ខ្លួន ត្រូវបានដោះលែង។
យោងតាមទីភ្នាក់ងារសុខាភិបាលប៉ាឡេស្ទីនប្រចាំនៅតំបន់ហ្គាហ្សា ការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលក្នុងថ្ងៃទី ១៧ ខែធ្នូ បណ្តាលឲ្យមនុស្ស ២៤ នាក់បានស្លាប់ នៅក្នុងតំបន់ជំរុំជនភៀសខ្លួន Jabalia ហើយមនុស្សជាច្រើនទៀតនៅតែកប់នៅក្នុងគំនរបាក់បែក។ យោងតាមសាក្សី អ៊ីស្រាអែលនៅតែទម្លាក់គ្រាប់បែកលើតំបន់ Bani Suhaila ភាគខាងកើតទីក្រុង Khan Younis ដែលជាទីក្រុងធំទីពីរនៅតំបន់ហ្គាហ្សា៕