WHO ប្រកាស​លទ្ធផលនៃ​យុទ្ធនាការ​​វ៉ាក់សាំង​ជំងឺ​ស្វិតដៃជើង​នៅតំបន់​​ហ្គាហ្សា

(VOVWORLD) - អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ៣ ខែកញ្ញា បានប្រកាសថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងនៅតំបន់ហ្គាហ្សា ដោយទទួលកុមារច្រើនជាងការរំពឹងទុក មានកុមារចំនួន ១៦១.០០០ នាក់បានចាក់វ៉ាក់សាំងដូសទី១ ក្នុងរយៈពេល ២ ថ្ងៃដំបូង។

តំណាងអង្គការសុខភាពពិភពលោកប្រចាំទឹកដីប៉ាឡេស្ទីន លោក Rik Peeperkorn បានឲ្យដឹងថា យុទ្ធនាការនេះផ្តោតលើគោលដៅទទួលបានអត្រាគ្រប់ដណ្ដប់យ៉ាងហោចណាស់ ៩០% ដើម្បីទប់ស្កាត់ជំងឺស្វិតដៃជើងរីករាលដាលនៅតំបន់ហ្គាហ្សា និងពង្រីកទៅកាន់តំបន់ផ្សេងទៀត។ តាមការគ្រោងទុក យុទ្ធនាការចាក់វ៉ាក់សាំងនឹងផ្លាស់ទីទៅតំបន់ភាគខាងត្បូងនៃតំបន់ហ្គាហ្សានា ថ្ងៃទី៥ ខែកញ្ញា ជាមួយនឹងគោលដៅចាក់វ៉ាក់សាំងសម្រាប់កុមារប្រហែល ៣៤០.០០០នាក់នៅទីនោះ។ ហើយនឹងបន្តនៅតំបន់ភាគខាងជើង ដោយចាក់វ៉ាក់សាំងសម្រាប់កុមារប្រហែល ១៥០.០០០នាក់។ WHO ត្រូវការពេលវេលាយ៉ាងតិច ១០ ថ្ងៃទៀត ដើម្បីបញ្ចប់ដំណាក់កាលទី ១ នៃយុទ្ធនាការនេះ ហើយការចាក់វ៉ាក់សាំងដូសទី ២ នឹងចាប់ផ្តើមក្រោយរយៈពេល ៤ សប្តាហ៍។

WHO ប្រកាស​លទ្ធផលនៃ​យុទ្ធនាការ​​វ៉ាក់សាំង​ជំងឺ​ស្វិតដៃជើង​នៅតំបន់​​ហ្គាហ្សា - ảnh 1កុមារទទួលវ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងនៅជំរំជនភៀសខ្លួន Al-Maghazi តំបន់ហ្គាហ្សា ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

នាថ្ងៃទី ៣ ខែកញ្ញា រដ្ឋមន្ត្រីសុខាភិបាលប៉ាឡេស្ទីន លោក Majed Abu Ramadan បានប្រកាសថា វ៉ាក់សាំងការពារជំងឺស្វិតដៃជើងចំនួន ៣៥០.០០០  ដូសបានមកដល់តំបន់ហ្គាហ្សាហើយ។ វ៉ាក់សាំងទាំងនេះ ត្រូវបានរក្សាទុកក្នុងឃ្លាំងឯកទេសមួយសម្រាប់បម្រើយុទ្ធនាការចាក់វ៉ាក់សាំងនៅហ្គាហ្សា ដោយសម្របសម្រួលជាមួយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF)។ បើតាមការគ្រោងទុក នឹងមានវ៉ាក់សាំងប្រហែល ១,៦ លានដូស ដែលគ្រប់គ្រាន់សម្រាប់កុមារទាំងអស់ចាប់ពីប្រសូត្រឡើង រហូតដល់អាយុ ១០ ឆ្នាំ ដោយកុមារម្នាក់ៗត្រូវបានចាក់វ៉ាក់សាំងចំនួន ២ ដូស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ