WHO អំពាវនាវ​ឱ្យសហគមន៍​អន្តរជាតិបង្កើនជំ​នួយ​​ឧបត្ថម្ភ​ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម​សុខាភិបាល​ពិភពលោក​

(VOVWORLD) - នៅថ្ងៃទី ២៥ ខែមករា អង្គការសុខភាពពិភពលោក (WHO) និងប្រទេសសមាជិកជាច្រើននៃអង្គការសហប្រជាជាតិ (UN) បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ផ្តល់វិភាគទានផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីឱ្យ WHO មានធនធានគ្រប់គ្រាន់និងស្ថិរភាព សម្រាប់ឆ្លើយតបទៅនឹងបញ្ហាប្រឈមកាន់តែ កើនឡើងនាបច្ចុប្បន្ន។
WHO អំពាវនាវ​ឱ្យសហគមន៍​អន្តរជាតិបង្កើនជំ​នួយ​​ឧបត្ថម្ភ​ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម​សុខាភិបាល​ពិភពលោក​ - ảnh 1ទីស្នាក់ការកណ្តាលអង្គការសុខភាពពិភពលោក (WHO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ (រូបថត៖AFP/TTXVN)

ក្នុងពេលជាមួយគ្នានោះ អាមេរិកដែលជាប្រទេសផ្តល់ជំនួយដ៏ធំបំផុត តម្រូវឱ្យ WHO ធ្វើកំណែទម្រង់ឲ្យមានតម្លាភាពខាងហិរញ្ញវត្ថុ មុនពេលប្រទេសនានាផ្តល់ការរួមវិភាគទាន។

រហូតមកដល់ពេលនេះ WHO បានទទួលថវិកាពីការបង់ថ្លៃក្នុងនាមជាសមាជិកភាព របស់សមាជិកអង្គការសហប្រជាជាតិចំនួន ១៩៣។ ប៉ុន្តែ ប្រភពហិរញ្ញវត្ថុនេះកំពុងថយចុះជាបណ្តើរៗក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ក្នុងទសវត្សរ៍ទី ៨០ នៃសតវត្សកន្លងទៅ ចំនួនប្រាក់ដែលប្រមូលបានពីប្រភពនេះស្រូបយក ៨០% នៃថវិការបស់ WHO ប៉ុន្តែបច្ចុប្បន្ននេះមានត្រឹមតែ ១៦% ប៉ុណ្ណោះ ដែលបណ្តាលឲ្យ WHO ពិបាកក្នុងការស្វែងរកប្រភពហិរញ្ញវត្ថុស្ម័គ្រចិត្តពីប្រទេសនានា ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាវិបត្តិសុខាភិបាលជាច្រើនទៀត ដែលបានកើតមានឡើងនៅជុំវិញពិភពលោក។ ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus ក៏បានបញ្ជាក់ថា WHO មិនមានថវិកាស្ថេរភាព ដើម្បីអាចម្ចាស់ការក្នុងការឆ្លើយតបទៅនឹងវិបត្តិសុខភាពពិភពលោកដ៏ធំៗនោះទេ។

បច្ចុប្បន្ននេះ អង្គការសុខភាពពិភពលោកកំពុងអំពាវនាវឱ្យប្រទេសនានាផ្តល់វិភាគទានច្រើនជាងកំរិត ៦ ពាន់លានដុល្លារ ដែលអង្គការនេះទទួលបាននៅឆ្នាំ ២០២០-២០២១។ យោងតាមការប៉ាន់ស្មានរបស់មជ្ឈដ្ឋានអ្នកជំនាញ WHO ចាំបាច់ត្រូវមានធនធានហិរញ្ញវត្ថុដែលបានរៀបរាប់ខាងលើពីរដង ដើម្បីធានាឲ្យបាននូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងឆ្នាំ២០២២៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ