កងកម្លាំងអ៊ីស្រាអែលបន្តការវាយប្រហារនៅតំបន់ហ្គាហ្សា និងតំបន់ព្រំដែនជាមួយលីបង់
VOV នៅអេហ្ស៊ីប -  
(VOVWORLD) - កងទ័ពអ៊ីស្រាអែលបានប្រកាសនៅថ្ងៃទី ២៨ ខែមិថុនាថា អ៊ីស្រាអែលបានបង្កើនសកម្មភាពយោធានៅភាគខាងជើង និងខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប។ នៅទីក្រុង Rafah មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ការបាញ់ផ្លោងចេញពីរថក្រោះអ៊ីស្រាអែល បានសម្លាប់មនុស្សក្នុងទីក្រុងយ៉ាងហោចណាស់ ១១ នាក់។
អគារដែលរងការបំផ្លាញនៅហ្គាហ្សា (រូបថត៖ រ៉យទ័រ) |
អ៊ីស្រាអែលក៏កំពុងធ្វើការវាយប្រហារដោយមាន "គោលដៅ" នៅក្នុងសង្កាត់ Shejaia ដែលស្ថិតនៅភាគខាងកើតនៃទីក្រុងហ្គាហ្សា ហើយកងទ័ពអាកាសរបស់ខ្លួនបានវាយប្រហារគោលដៅយោធារបស់ក្រុមហាម៉ាស់រាប់សិបកន្លែង នៅក្នុងតំបន់នេះ។ ក្នុងពេលជាមួយគ្នានោះ ប្រជាជន និងប្រព័ន្ធផ្សព្វផ្សាយរបស់ហាម៉ាសនៅតំបន់ហ្គាហ្សាបានឲ្យដឹងថា រថក្រោះអ៊ីស្រាអែលបានរុលទៅទិសខាងលិចបន្ថែមទៀតចូលទៅក្នុងតំបន់ Shakoush នៃ Rafah ដោយបង្ខំមនុស្សរាប់ពាន់នាក់ដែលស្នាក់នៅទីនោះជាបណ្ដោះអាសន្នឱ្យចាកចេញពីតង់របស់ពួកគេហើយជម្លៀសទៅភាគខាងជើងទៅកាន់ Khan Younis វិញ។
ទន្ទឹមនឹងនេះ ភាពតានតឹងនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ នៅតែបន្ត កើនឡើង ខណៈដែលទាំងកងទ័ពអ៊ីស្រាអែល និងកងកម្លាំងហេសបូឡាហ៍ បន្តបើកការវាយប្រហារឆ្លងព្រំដែនបន្ថែមទៀតប្រឆាំងនឹងគ្នាទៅវិញ ទៅ មក។ ក្រុមហេសបូឡាហ៍ បានធ្វើការវាយប្រហារជាច្រើនដោយប្រើកាំជ្រួច និងយន្តហោះគ្មានមនុស្សបើកដឹកគ្រឿងផ្ទុះ ចូលទៅក្នុងភាគខាងជើងអ៊ីស្រាអែល។ ការវាយប្រហារចុងក្រោយបំផុតត្រូវបានកត់ត្រាកាលពីយប់ មិញ នៅពេលដែលក្រុមប្រដាប់អាវុធលីបង់បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកចំនួន ៣ គ្រឿងដែលផ្ទុកគ្រឿងផ្ទុះដើម្បីវាយប្រហារតំបន់ Galilee ខាងលិច។ មុននោះ ក្រុមហេសបូឡាហ៍ បានធ្វើការបាញ់ប្រហារជាច្រើនគ្រាប់ ជាមួយនឹងគ្រាប់រ៉ុក្កែតប្រហែល ២៥គ្រាប់ វាយប្រហារតំបន់ Galilee ខាងលិច និងតំបន់ Kiryar Shmona នៅភាគខាងជើងអ៊ីស្រាអែល។ ទោះជាយ៉ាងណា ការវាយប្រហាររបស់ក្រុមហេសបូឡាមិនបានបង្កឲ្យមានអ្នករងរបួសទេ៕
VOV នៅអេហ្ស៊ីប