កងទ័ពអ៊ីស្រាអែលឈានចូលជ្រៅទៅកាន់ទីក្រុង Rafah ដោយគ្រប់គ្រង​ភាគច្រើន​នៃ​ច្រករបៀង Philadelphia

(VOVWORLD) - ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក Tzachi Hanegbi បានបញ្ជាក់ថា កងទ័ពរបស់ប្រទេសនេះបានគ្រប់គ្រង ៧៥% នៃច្រករបៀង Philadelphia ហើយបានឲ្យដឹងថា នឹងគ្រប់គ្រងតំបន់នេះទាំងមូលតាមពេលវេលា។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Shehab របស់ប៉ាឡេស្ទីនបានឲ្យដឹងថា នាថ្ងៃទី ២៩ឧសភា កងទ័ពអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមជើងអាកាសជាច្រើនលើកនៅទូទាំងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា ពីរបីម៉ោងបន្ទាប់ពីរថក្រោះអ៊ីស្រាអែលចូលដល់កណ្តាលទីក្រុងនេះ។ ប្រភពព័ត៌មានសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា កងទ័ពអ៊ីស្រាអែលក៏បានគ្រប់គ្រងភាគច្រើនច្រករបៀង Philadelphia ហើយកំពុងឈានចូលកាន់តែជ្រៅទៅក្នុងច្រករបៀងដែលនៅសល់ - ផ្នែកខាងលិចនៃទីក្រុង Rafah ។

ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក Tzachi Hanegbi បានបញ្ជាក់ថា កងទ័ពរបស់ប្រទេសនេះបានគ្រប់គ្រង ៧៥% នៃច្រករបៀង Philadelphia ហើយបានឲ្យដឹងថា នឹងគ្រប់គ្រងតំបន់នេះទាំងមូលតាមពេលវេលា។ លោកក៏បានប្រកាសថា ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សានឹងបន្តប្រព្រឹត្តិទៅយ៉ាងហោចណាស់ ៧ ខែទៀត។

នាថ្ងៃទី ២៩ ឧសភាដដែល ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោក Robert Woods បានចាត់ទុកថា អ៊ីស្រាអែលចាំបាច់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីការពារប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ហើយដករបាំងចំពោះជំនួយមនុស្សធម៌ចេញតាមច្រកទ្វារព្រំដែន និងខ្សែផ្លូវទាំងអស់ចូលទៅកាន់តំបន់ហ្គាហ្សា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ