កងទ័ពអ៊ីស្រាអែលនិងកងកម្លាំង Houthi សងសឹកគ្នាដែលបង្កឱ្យភាពតានតឹងកាន់តែកើនឡើង
(VOVWORLD) - ប៉ុស្តិ៍ទូរទស្សន៍ al-Masirah របស់ Houthi បានប្រកាសថា រោងចក្រចម្រាញ់ប្រេង មួយកន្លែង បានរងការវាយប្រហារ ដែលបណ្ដាលឲ្យមនុស្សមួយចំនួនស្លាប់ និងរបួស។
កងទ័ពអ៊ីស្រាអែល (IDF) វាយប្រហារទៅលើកំពង់ផែ Hodeidah។ (រូបថត៖ Arab Networks) |
កងទ័ពអ៊ីស្រាអែល (IDF) កាលពីថ្ងៃទី ២០ ខែកក្កដា (ម៉ោងក្នុងស្រុក) បានប្រើប្រាស់យន្តហោះចម្បាំងដើម្បីវាយប្រហារទៅលើកំពង់ផែ Hodeidah នៅក្នុងផ្នែកដែនដី យេម៉ែន ដែលកាន់កាប់ដោយកងកម្លាំង Houthi សំដៅសងសឹកចំពោះការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកមួយ តម្រង់ទៅលើទីក្រុង Tel Aviv មួយថ្ងៃមុននេះ ដែលសម្លាប់មនុស្សម្នាក់។
ប៉ុស្តិ៍ទូរទស្សន៍ al-Masirah របស់ Houthi បានប្រកាសថា រោងចក្រចម្រាញ់ប្រេង មួយកន្លែង បានរងការវាយប្រហារ ដែលបណ្ដាលឲ្យមនុស្សមួយចំនួនស្លាប់ និងរបួស។ បន្ទាប់ពីបានបញ្ជាក់ជាមួយអ្នកសារព័ត៌មានពីសកម្មភាពខាងលើរបស់ IDF នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចោទប្រកាន់កំពង់ផែ Hodeidah ជាកន្លែងដែលកងកម្លាំង Houthi ទទួលជំនួយអាវុធពីខាងក្រៅ ហើយបានប្រកាសថា អ៊ីស្រាអែលនឹង "ស្វ័យការពារដោយគ្រប់មធ្យោបាយ"។ រីឯខ្លួនវិញ ក្រុមប្រឹក្សានយោបាយកំពូលនៃចលនា Houthi នៅថ្ងៃដដែល បានប្រកាសថា នឹងមាន “ការឆ្លើយតបប្រកបដោយប្រសិទ្ធភាព” ចំពោះការវាយប្រហារតាមជើងអាកាសរបស់ អ៊ីស្រាអែល លើកំពង់ផែ Hodeidah ហើយនឹងមិនស្ទាក់ស្ទើរក្នុងការវាយប្រហារទៅលើ “គោលដៅសំខាន់ៗ” នៅអ៊ីស្រាអែលនោះឡើយ៕