កិច្ចចរចាជាន់ខ្ពស់ វៀតណាម-អូស្ត្រាលី
(VOVWORLD) - ទទួលតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអូស្ត្រាលី ដឹកនាំដោយលោក Tony Smith ប្រធានរដ្ឋសភា បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពី ថ្ងៃទី២៣ដល់ថ្ងៃទី២៥ខែកក្កដា។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith (ប្រភពរូបភាព៖ VOV) |
ពិធីទទួលបដិសណ្ឋារកិច្ច បានប្រារព្ធឡើង នាពេលរសៀលថ្ងៃទី២៣ខែកក្កដា នៅទីក្រុងហាណូយ។ បន្ទាប់ពីពីធីទទួលស្វាគមន៍មក ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជាអធិបតីជំនួបពិភាក្សាជាមួយប្រធានរដ្ឋសភា អូស្ត្រាលី លោក Tony Smith ផងដែរ។
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះការដែលអូស្ត្រាលីបន្តផ្តល់អាទិភាពលើប្រភពជំនួយអភិវឌ្ឍន៍ ODA សម្រាប់វៀតណាម។ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យអូស្ត្រាលី បន្តជួយឧបត្ថម្ភវៀតណាមលើវិស័យមួយចំនួនដែលវៀតណាមមានតម្រូវការដូចជា ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន អភិវឌ្ឍន៍កសិកម្ម-ជនបទ កាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្សមានគុណភាពខ្ពស់ជាដើម។
ទិដ្ឋភាពនៃជំនួប |
រីឯខ្លួនវិញ ប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith បានអះអាងថា ដំណើរទស្សនកិច្ចនេះរបស់លោក គឺសំដៅជម្រុញថែមទៀតសកម្មភាពរបស់រដ្ឋសភាទាំងពីរនិងប្រទេសទាំងពីរវៀតណាមនិងអូស្ត្រាលី។ ប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith មានបំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹងជម្រុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ រដ្ឋាភិបាលនៃប្រទេសទាំងពីរឲ្យបានខ្លាំងក្លាថែមទៀត។
ទិដ្ឋភាពនៃជំនួប |
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានរដ្ឋសភា អូស្ត្រាលីលោក Tony Smith បានសង្កត់ធ្ងន់ថា ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរកាន់តែមានភាពជឿទុកចិត្តគ្នាទៅវិញទៅមក។ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជ កម្មនិងវិនិយោគ អូស្ត្រាលីបច្ចុប្បន្នជាដៃគូពាណិជ្ជកម្មនិងវិនិយោគជួរមុខរបស់ វៀតណាម ក្នុងនោះ ទំហំពាណិជ្ជកម្មកើន៧%ជារៀងរាល់ឆ្នាំ ពោលគឺទទួលបានជិត ៦,៥ពាន់លានដុល្លាក្នុងឆ្នាំ២០១៧ហើយរយៈ៦ខែដើមឆ្នាំ២០១៨នេះទទួលបាន៣,៦២ ពាន់លានដុល្លា។ ប្រធានរដ្ឋសភាទាំងពីររូបក៏បានឯកភាពគ្នាថា លើវិស័យការពារជាតិ-សន្តិសុខ ទំនាក់ទំនងគឺកាន់តែជាក់ស្តែងនិងស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺភាគីទាំងពីរបានរួមសហការគ្នា ចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។
ទិដ្ឋភាពនៃជំនួប |
ស្តីពីស្ថានភាពនៅសមុទ្រខាងកើត ប្រធានសភាទាំងពីររូបសុទ្ធតែគាំទ្រនិងឯក ភាពលើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍ក្នុងតំបន់ ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។
នាយប់ថ្ងៃទី២៣ខែកក្កដា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញជាអធិបតីពិធីជប់លៀងអបអរសាទរប្រធានរដ្ឋសភាអូស្ត្រាលី លោក Tony Smith៕