កិច្ចប្រជុំ ADMM ចង្អៀតចាប់ផ្តើមបើកសម័យប្រជុំពេញអង្គ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ កុម្ភៈ នៅទីក្រុងហាណូយ កិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) បានចាប់ផ្តើមបើកសម័យប្រជុំពេញអង្គ។ នេះគឺជាព្រឹត្តិការណ៍បើកសម្រាប់បណ្តាកិច្ចប្រជុំការពារជាតិ-យោធាអាស៊ាន - ដោយក្រសួងការពារប្រទេសវៀតណាមដឹកនាំ ក្នុងឱកាសឆ្នាំជាប្រធានអាស៊ាន ២០២០ របស់វៀតណាម។
ប្រធានប្រតិភូការពារជាតិអាស៊ានថតរូបអនុស្សាវរីយ៍ (រូបថតៈ TTXVN) |
កិច្ចប្រជុំចង្អៀតនេះ គឺជាមូលដ្ឋានដ៏សំខាន់ ដើម្បីត្រៀមរៀបចំសម្រាប់បណ្តាកិច្ចប្រជុំ ADMM និង ADMM + នាពេលអនាគតដ៏ខ្លីខាងមុខនេះ ដោយមានការពិភាក្សាលើខ្លឹមសារសំខាន់ៗជាច្រើន។ នៅក្នុងក្រប ខ័ណ្ឌ ADMM ចង្អៀតលើកនេះ រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម គ្រោងនឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសអូស្ត្រាលី ឡាវ កម្ពុជា ថៃនិងប្រធានគណៈប្រតិភូឥណ្ឌូនេស៊ី។ ទន្ទឹមជាមួយគ្នានោះ រដ្ឋមន្រ្តីការពារជាតិអាស៊ានក៏នឹងមានជំនួបក្រៅផ្លូវការជាមួយរដ្ឋមន្រ្តីការពារជាតិអូស្ត្រាលីផងដែរ។
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសបានគូសបញ្ជាក់ទៅលើអាទិភាពនានា ដើម្បីធានាបាននូវជោគជ័យនៃកិច្ចប្រជុំនេះ៖ “ខ្ញុំគិតថាកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ាន គឺមានសារៈសំខាន់ណាស់។ ព្រោះថា កិច្ចប្រជុំនេះមានលក្ខណៈកំណត់ភាពជោគជ័យនៃឆ្នាំអាស៊ាន សម្រាប់ប្រទេសអាស៊ានទាំង១០ មិនត្រឹមតែវៀតណាមប៉ុណ្ណោះទេ ថែមទាំងកំណត់ជោគជ័យរបស់ ADMM+ ទៀតផង។ យ៉ាង ណាមិញ ដើម្បីទទួលបានជោគជ័យយើងត្រូវដោះស្រាយបញ្ហាចំនួន ២។ ទីមួយគឺ ខ្លឹមសារនៃគោលការណ៍ក្នុងព្រាងកិច្ចសន្ទនារវាងអាស៊ាននិងអាស៊ាន និងរវាងអាស៊ានជាមួយបណ្តាប្រទេសដែលចូលរួម ជាក់ស្តែងតែម្តងគឺសេចក្តីប្រកាសរួមរបស់ ADMM និងសេចក្តីប្រកាស ADMM+។ ដោយហេតុនេះយើងទាំងអស់គ្នាត្រូវតែឆ្លងកាត់កម្មវិធី។ ពោលគឺ យើងត្រូវតែបង្កើតកម្មវិធីសមស្របមួយ ដែលសមាជិកចូលរួមមានការស្រុះចិត្តគំនិត។ ធ្វើបានដូច្នេះ មានន័យថា យើងបានទទួលជោគជ័យ”។
មុននេះ នាយប់ថ្ងៃទី ១៨ ខែកុម្ភៈ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM ចង្អៀត) បានប្រព្រឹត្តទៅកិច្ចប្រជុំក្រុមការងារការពារជាតិអាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន៕