កិច្ចប្រជុំ MSEAP ៤៖ វៀតណាមស្នើបង្កើនកិច្ចសន្ទនានិងការចងសម្ព័ន្ធក្នុងតំបន់

(VOVWORLD) - នាយប់ថ្ងៃទី ២៤ ខែកញ្ញា កិច្ចប្រជុំលើកទី ៤ នៃប្រធានសភាបណ្តាប្រទេសអាស៊ីនិងអឺរ៉ុប (MSEAP ៤) ដែលបានប្រារព្ធឡើងនៅវិមានឯករាជ្យ ក្នុងរដ្ឋធានី Nur Sultan នៃប្រទេសកាហ្សាក់ស្ថាន ត្រូវបានបិទបញ្ចប់ដោយចេញសេចក្តីថ្លែងការណ៍រួម។ 
កិច្ចប្រជុំ MSEAP ៤៖ វៀតណាមស្នើបង្កើនកិច្ចសន្ទនានិងការចងសម្ព័ន្ធក្នុងតំបន់ - ảnh 1អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា លោកស្រី Tong Thi Phong នៅឯកិច្ចប្រជុំទ្វេភាគី 

សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ពីតួនាទីសំខាន់របស់សភាអាស៊ីនិងអឺរ៉ុប ក្នុងការរក្សាសកម្មភាពផ្សារភ្ជាប់ក្នុងតំបន់ ដើម្បីធានានូវភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដោយឈរលើមូលដ្ឋាននៃការគោរពសមភាពនិងការទទួលយកផលប្រយោជន៍រួម។ ទន្ទឹមនឹងនេះដែរ ការបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា ក្នុងចំណោមបណ្តាប្រទេសអាស៊ីនិងអឺរ៉ុប អាចបង្កើតជាកម្លាំងចលករដ៏ធំមួយ ដើម្បីអភិវឌ្ឍបរិយាកាសរួមនិងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានលើកកម្ពស់នូវប្រធានបទគឺ “ការសន្ទនា ការទុកចិត្តគ្នានិងភាពជាដៃគូ”។ ទន្ទឹមនឹងនោះ លោកស្រីក៏បានលើកត្រដែតនូវគោលនយោបាយសមាហរណកម្មអន្តរជាតិដ៏សកម្មរបស់វៀតណាមផងដែរ។ ពោលគឺ រដ្ឋសភាវៀតណាមបានស្នើអោយបង្កើនការកសាងទំនុកចិត្ត ការយោគយល់និងការគោរពគ្នាទៅវិញទៅមក រួមទាំងជំរុញកិច្ចសហប្រតិបត្តិការ ការសន្ទនានិងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យសភា ក៏ដូចជាផ្សាភ្ជាប់សភាអាស៊ី-អឺរ៉ុបជាមួយបណ្តាវេទិកានិងអង្គការសហប្រតិបត្តិការអន្តរសភាដទៃទៀតជុំវិញពិភពលោក។

មុននោះថ្លែងក្នុងជំនួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Moon Hee Sang នៅខាងក្រៅនៃកិច្ចប្រជុំ MSEAP 4, លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមតែងតែគាំទ្រភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ព្រមទាំង អះអាងថា វៀតណាមស្វាគមន៍គោលនយោបាយការបរទេសឆ្ពោះទៅទិសខាងត្បូងរបស់កូរ៉េខាងត្បូង ដែលផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន ជាពិសេសគឺប្រទេសវៀតណាមតែម្តង។ ដោយវាយតម្លៃខ្ពស់ចំពោះគោលជំហររបស់កូរ៉េខាងត្បូងលើបញ្ហាសមុទ្រខាងកើត លោកស្រី Tong Thi Phong បានស្នើអោយកូរ៉េខាងត្បូង បន្តគាំទ្រគោលជំហររបស់វៀតណាមនិងអាស៊ានក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនិងដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី  ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងបំពេញសេចក្តីប្រកាសស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានដល់ការសម្រេចក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ។

យ៉ាងណាមិញ នៅឆ្នាំ ២០២០ ប្រទេសវៀតណាមនឹងទទួលតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២០ -២០២១, ប្រធានអាស៊ាននិងប្រធាន AIPA ៤១  ហេតុដូច្នេះ អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា លោកស្រី Tong Thi Phong សង្ឃឹមថា រដ្ឋាភិបាលនិងរដ្ឋសភាកូរ៉េខាងត្បូង នឹងគាំទ្រវៀតណាម បំពេញល្អនូវតួនាទីសំខាន់ៗទាំងនេះ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់ក៏ដូចជាលើពិភពលោក។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំលើកទី ៥ របស់ប្រធានសភាអាស៊ីនិងអឺរ៉ុបនឹងត្រូវរៀបចំឡើងនៅកោះបាលីនៃប្រទេសឥណ្ឌូនេស៊ីនាឆ្នាំ ២០២០ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ