កិច្ចប្រជុំកំពូល AI សកល ជំរុញអាទិភាពនៃការអភិវឌ្ឍន៍
(VOVWORLD) - កិច្ចប្រជុំកំពូលសកលឆ្នាំ ២០២៤ ស្តីពីបញ្ញាសិប្បនិម្មិត (AI) បានបើកកាលពីថ្ងៃទី ៣០ ខែឧសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ព្រឹត្តិការណ៍នេះមានគោលបំណងជំរុញ AI សម្រាប់អាទិភាពនៃការអភិវឌ្ឍន៍សកលដូចជា សុខាភិបាល អាកាសធាតុ សមភាពយេនឌ័រ វិបុលភាពទូលំទូលាយ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។
មនុស្សជាង ២.៥០០ នាក់បានចូលរួមកិច្ចប្រជុំឆ្នាំនេះ រួមទាំងមន្ត្រីរដ្ឋាភិបាល អ្នកជំនាញនិងឥស្សរជនដ៏មានឥទ្ធិពលនៅក្នុងវិស័យ AI ។
ថ្លែងមតិតាមវីដេអូនៅក្នុងកិ្ចចប្រជុំ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានធ្វើអត្ថាធិប្បាយថា៖ "AI កំពុងផ្លាស់ប្តូរពិភពលោក និងជីវីភាពរបស់យើង"; ហើយបានសង្កត់ធ្ងន់លើសក្តានុពលនៃបច្ចេកវិទ្យានេះក្នុងការលើកកម្ពស់គុណភាពនៃការអប់រំ និងការថែទាំសុខភាពនៅតំបន់ឆ្ងាយដាច់ស្រយាល បង្កើនទិន្នផលដំណាំ និងកសាងប្រព័ន្ធព្រមានគ្រោះធម្មជាតិ។
រូបថត៖ AFP/TTXVN |
មុននោះ កាលពីខែវិច្ឆិកាឆ្នាំ២០២៣ កិច្ចប្រជុំកំពូល AI សកលលើកទីមួយត្រូវបានរៀបចំឡើងនៅចក្រភពអង់គ្លេស។ កិច្ចប្រជុំបានអនុម័តលើ "សេចក្តីប្រកាស ក្រុង Bletchley" ដើម្បីជំរុញតម្លាភាពនិងទំនួលខុសត្រូវរបស់ភាគីណាមួយដែលមានបំណងអភិវឌ្ឍបច្ចេកវិទ្យា AI ដើម្បីវាយតម្លៃ តាមដាន និងកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតមាន ហើយដាក់ចេញរបៀបវារៈដោយមានចំណុចសំខាន់ទាំងពីរគឺ ផ្តោតលើការកំណត់ហានិភ័យទូទៅ និងពង្រឹងការយល់ដឹងផ្នែកវិទ្យាសាស្ត្រអំពីហានិភ័យទាំងនេះ ក៏ដូចជាការកសាងគោលនយោបាយឆ្លងដែន ដើម្បីកាត់បន្ថយហានិភ័យ៕