កិច្ចប្រជុំកំពូល EU ផ្ដោតសំខាន់លើបញ្ហាថាមពល អាកាសធាតុ និងកូវីដ -១៩
(VOVWORLD) - តម្លៃថាមពល ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការវិវឌ្ឍថ្មីបំផុតគួរឱ្យព្រួយបារម្ភនៃជំងឺរាតត្បាតកូវីដ ១៩ នឹងជាប្រធានបទសំខាន់ៗ ដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែតុលា នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។
សាលប្រជុំកំពូលសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែលប្រទេសបែលហ្ស៊ិក (រូបថត៖ multimedia.europarl.europa.eu) |
ក្នុងសារលិខិតដែលបានផ្ញើជូនប្រមុខរដ្ឋបណ្ដាប្រទេសជាសមាជិក EU ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកដំបូងរបស់ EU ក្រោយពីវិស្សមកាលរដូវក្ដៅនោះ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានសង្កត់ធ្ងន់ថា តម្លៃថាមពលនឹងក្លាយទៅជាប្រធានបទសំខាន់ៗដើមដំបូង ដែលថ្នាក់ដឹកនាំអឺរ៉ុបចាំបាច់ត្រូវពិភាក្សា ក្នុងបរិបទ ដែលអឺរ៉ុបកំពុងប្រឈមនឹងវិបត្តិថាមពល ដោយបានជះឥទ្ធិពលអវិជ្ជមានដល់ការស្ដារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតរបស់អឺរ៉ុប ហើយបានប៉ះពាល់ផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាជននៅប្រទេសជាច្រើន។
បន្ទាប់ពីបញ្ហាថាមពល ប្រធានបទអំពីការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុក៏នឹងក្លាយជាអាទិភាពសម្រាប់ការពិភាក្សារបស់ថ្នាក់ដឹកនាំអឺរ៉ុបផងដែរ។ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានចាត់ទុកថា បណ្ដាប្រទេសអឺរ៉ុបចាំបាច់ត្រូវបង្ហាញគោលដៅរួមមួយនៅក្នុងកិច្ចប្រជុំកំពូលស្ដីពី អាកាសធាតុ COP26 ដែលនឹងប្រព្រឹត្តិទៅនាចុងខែនេះនៅស្កុតឡេន ចក្រភពអង់គ្លេស។
ទាក់ទងនឹងជំងឺរាតត្បាតកូវីដ ១៩ នោះ ក្នុងបរិបទ ដែលរដូវរងារកំពុងជិតមកដល់ហើយចំនួនករណីឆ្លងជំងឺកូវីដ ១៩ មានសញ្ញាកើនឡើងយ៉ាងឆាប់រហ័សនៅតាមប្រទេសអឺរ៉ុបមួយចំនួននោះ កិច្ចប្រជុំកំពូល EU ក៏នឹងធ្វើការពិភាក្សាដើម្បីពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង ក៏ដូចជាការផ្ដល់ជំនួយជាវ៉ាក់សាំងដល់ ប្រទេសដទៃទៀតនៅលើពិភពលោក សំដៅទប់ស្កាត់ជំងឺរាតត្បាតនៅសកលលោកផងដែរ៕