កិច្ចប្រជុំកំពូលអាកាសធាតុពិភពលោក៖ អង្គការសហប្រជាជាតិអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍បង្កើនការចូលរួមវិភាគទានរបស់ខ្លួន
(VOVWORLD) - នាថ្ងៃទី ២២ ខែមេសា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឲ្យប្រទេសអភិវឌ្ឍន៍ បង្កើនការចូលរួមវិភាគទានរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុពិភពលោកតាមអ៊ិនធឺរណែតរយៈពេល ២ ថ្ងៃ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក លោក Guterres បានជំរុញមេដឹកនាំពិភពលោកឱ្យចាត់វិធានការដើម្បីរាំងស្កាត់ការប្រែប្រួលអាកាសធាតុ។ លោកក៏បានដាស់តឿនប្រទេសនានាជំរុញឱ្យមាន “ទសវត្សមួយប្រកបដោយការផ្លាស់ប្តូរ” ដោយអំពាវនាវឱ្យមានការប្រកាសផែនការកាត់បន្ថយកាបូន។ នៅក្នុងសុន្ទរកថារបស់ខ្លួន លោកអគ្គលេខាធិការ Guterres បានស្នើឲ្យបណ្តាប្រទេសអនុវត្តតម្លៃកាបូនបញ្ចប់ការឧបត្ថម្ភធនសម្រាប់ឧស្សាហកម្មរុករករ៉ែឥន្ធនៈហ្វូស៊ីល បង្កើនការវិនិយោគលើថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធបៃតង រហូតដល់ឆ្នាំ ២០៣០ លុបចោលធ្យូងថ្មនៅក្នុងប្រទេសអ្នកមានជាងគេ និងកន្លែងផ្សេងទៀតនៅឆ្នាំ ២០៤០ ដោយធានានូវដំណើរការផ្លាស់ប្តូរដោយយុត្តិធម៌សម្រាប់ប្រជាជននិងសហគមន៍ដែលរងផលប៉ះពាល់៕