កិច្ចប្រជុំកំពូលអាស៊ាន ៣៥៖ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន ៣៥
(VOVWORLD) - នារសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងបាងកក (នៃប្រទេសថៃ) នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូវៀតណាមអញ្ជើញចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។ នាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-o-cha ប្រធានអាស៊ានឆ្នាំ ២០១៩ អញ្ជើញដឹកនាំកិច្ចប្រជុំ។ ចូលរួមក្នុងកិច្ចប្រជុំនេះនៅមានវត្តមានមេដឹកនាំប្រទេសជាសមាជិកអាស៊ានជាច្រើនរូបទៀតផង។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ៣៥ |
ក្នុងកិច្ចប្រជុំពេញអង្គនេះដែរ មេដឹកនាំទាំងអស់ បានពិនិត្យឡើងវិញ នូវលទ្ធផលនៃការអនុវត្តអាទិភាពក្រោមប្រធានបទ “ជំរុញភាពជាដៃគូដើម្បីចីរភាព”។ មេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពដែលទទួលបានក្នុងការកសាង សហគមន៍អាស៊ាន ព្រមទាំងបានសង្កត់ធ្ងន់ថា អាស៊ានត្រូវរក្សានូវតួនាទីនិងអត្ថ ន័យជាកម្លាំងស្នូលក្នុងការជំរុញសន្តិភាព ស្ថិរភាព កិច្ចពិភាក្សានិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ លើសពីនេះទៅទៀត អង្គប្រជុំបានយល់ព្រមបន្តពង្រីកនិងធ្វើឱ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងរវាងអាស៊ាននិងដៃគូខាងក្រៅក៏ដូចជា ជំរុញអោយអាស៊ានអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមគោលដៅនៃរបៀបវារៈរបស់អង្គការសហប្រជាជាតិឆ្នាំ ២០៣០ ស្តីពី គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោកនាយករដ្ឋមន្រ្តី បានស្នើឲ្យបណ្តាប្រទេសអាស៊ាន លើកកម្ពស់ស្មារតីសាមគ្គីភាពរបស់ខ្លួនក្នុងការគាំទ្រដល់វៀតណាមដើម្បីទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន ២០២០ និងកសាងសហគមន៍អាស៊ានមួយមានការអភិវឌ្ឍប្រកបដោយចីរភាព។ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើត នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់លើលក្ខខ័ណ្ឌចម្បងដើម្បីទទួលបានសន្តិភាពនិងស្ថិរភាព នោះគឺ ត្រូវរក្សាសណ្តាប់ធ្នាប់ដោយគោរពតាមច្បាប់អន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមប្តេជ្ញានិងតស៊ូដើម្បីការពារច្បាប់អន្តរជាតិក្នុងទំនាក់ទំនងអន្តរជាតិនិយាយរួមនិងលើបញ្ហាសមុទ្រខាងកើតនិយាយដោយឡែក។ យ៉ាង ណាមិញ ប្រទេសទាំងអស់គួរអត់ធ្មត់ និងពុំចាត់វិធានការណាដែលធ្វើឱ្យស្មុគស្មាញដល់សភាពការណ៍ ព្រមទាំងអនុវត្តយ៉ាងពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបង្កើតក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធិភាព ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ផងដែរ។
នាថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha។
នៅក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថាវៀត ណាមគាំទ្រពហុភាគីនិយមប្តេជ្ញាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) ២០៣០ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការទប់ទល់ជាមួយ បម្រែបម្រួលអាកាសធាតុ។
ជាការឆ្លើយតប អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានមានប្រសាសន៍ថា វៀតណាមគឺជាអ្នកត្រួសត្រាយនៅក្នុងវិស័យជាច្រើន ដូចជាការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការកាត់បន្ថយភាពក្រីក្រ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ចង់ឲ្យវៀតណាមដើរតួនាទីគំរូក្នុងវិស័យទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្ពស់ទឹកសមុទ្រ ក៏ដូចជាការប្រើប្រាស់ថាមពលស្អាតដែលមានសារៈសំខាន់សម្រាប់អនាគតរបស់មនុស្សជាតិ។
មេដឹកនាំទាំងពីររូបបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការនិងសកម្មភាពតភ្ជាប់រវាងអាស៊ាននិងអង្គការសហប្រជាជាតិ ក្នុងឱកាសដែលវៀតណាមកាន់ដំណែងជាប្រធានអាស៊ានឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ២០២០-២០២១។ ទាក់ទងនឹងស្ថានភាពនៅសមុទ្រខាងកើត មេដឹកនាំទាំងពីរក៏បានចែករំលែកនូវទស្សនៈស្តីពីភាពចាំបាច់ដើម្បីធានាសន្តិភាព ស្ថិរភាព សេរីភាព សន្តិសុខនាវាចរណ៍និងអាកាសចរណ៍ហើយសម្រេចអោយបានឆាប់ៗ នូវ COC ក្នុងស្មារតីធានាការគោរពច្បាប់អន្តរជាតិនិង UNCLOS ១៩៨២ ផងដែរ។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីថៃ លោកPrayut Chan-o-cha នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានរំពឹងថា ប្រទេសទាំងពីរនឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ថៃឱ្យកាន់តែស៊ីជម្រៅថែមទៀត។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើអោយថៃបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាមដែលត្រូវចែកចាយនៅក្នុងទីផ្សារថៃក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ប្រជាជនវៀតណាមនៅថៃធ្វើអាជីវកម្មនិងសម្របខ្លួនក្នុងសង្គមប្រទេសសាមី។ មេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបាននូវគោលដៅរួមនៃការកសាងសហគមន៍អាស៊ាន ពង្រឹងតួនាទីស្នូលរបស់អាស៊ាន ជំរុញទំនាក់ទំនងជាមួយបណ្តាប្រទេសជាដៃគូ និងដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ ក្នុងនោះមានបញ្ហាសមុទ្រខាងកើត។
នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាននិងសមាគមបាល់ទាត់ពិភពលោក (FIFA)ផងដែរ៕