កិច្ចប្រជុំកំពូលអាស៊ាន ៣៧៖ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូ
(VOVWORLD) - នាពេលរសៀលបានប្រារព្ធពិធីបិទនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងការផ្ទេរដំណែងប្រធានអាស៊ានទៅប្រទេសព្រុយណេព្រមទាំងសន្និសីទសារព័ត៌មានអន្តរជាតិទៀតផង។
នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២០ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន - អង្គការសហប្រជាជាតិលើកទី ១១ តាមប្រព័ន្ធវីដេអូ (រូបថត៖ TTXVN) |
នៅថ្ងៃទី ១៥ ខែវិច្ឆិកា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បានចូលដល់ថ្ងៃធ្វើការចុងក្រោយ ដោយមានកិច្ចប្រជុំកំពូលអាស៊ាន - អង្គការសហប្រជាជាតិលើកទី១១ និងកិច្ចប្រជុំកំពូលស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)លើកទី ៤។ នៅថ្ងៃដដែល នាពេលរសៀលបានប្រារព្ធពិធីបិទនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងការផ្ទេរដំណែងប្រធានអាស៊ានទៅប្រទេសព្រុយណេព្រមទាំងសន្និសីទសារព័ត៌មានអន្តរជាតិទៀតផង។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អង្គការសហប្រជាជាតិលើកទី ១១ ថ្នាក់ដឹកនាំបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់របស់អង្គការសហប្រជាជាតិនិងអាស៊ានក្នុងការសហការដោះស្រាយបញ្ហាប្រឈមនានានៅលើពិភពលោក។ នៅក្នុងបរិបទដែលពិភាពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងស្មុគស្មាញ រួមទាំងមានការព្រួយបារម្ភអំពីសន្តិសុខមិនមែនប្រពៃណី ការវាយប្រហារតាមអ៊ិនធឺរណែត ការរីករាលដាលជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ និងស្ថានភាពនៅសមុទ្រខាងកើតនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើភាពចំាបាច់នៃកិច្ច សហប្រតិបត្តិការដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុនិងគ្រោះមហន្តរាយធម្មជាតិ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព ការទប់ទល់នឹងការកើនឡើងកម្ពស់ទឹកសមុទ្រ ការបំពុលនិងកាកសំណល់ប្លាស្ទិក ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានជាមួយអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ទៀតផង។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់លើសារៈ សំខាន់និងតួនាទីជាម្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលអាស៊ានសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកអគ្គលេខាធិការបានបញ្ជាក់ ថា អង្គការសហប្រជាជាតិបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រអាស៊ាននិងចង់ឲ្យអាស៊ានបន្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ចំណែកឯកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ានទាំង ១០ និងដៃគូ ៦ នៃប្លុកគឺ ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងនូវែលសេឡង់។ បន្ទាប់ពីការចរចារកាលពីថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០១៩ ឥណ្ឌាបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដោយសារតែមានចំណុចជាច្រើនមិនទាន់បានដោះស្រាយ។
សូមគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធត្រូវបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ១២-១៥ ខែវិច្ឆិកាឆ្នាំ ២០២០។ នេះជាសកម្មភាពចុងក្រោយនៃឆ្នាំប្រធានអាស៊ាន និងជាសកម្មភាពសំខាន់បំផុតមួយរបស់ប្រធានអាស៊ាន ២០២០។ ហើយនេះក៏ជាឱកាសសំខាន់សម្រាប់វៀតណាមនិងបណ្តាប្រទេសសមាជិកអាស៊ាន នាំចេញសម្រេចចិត្តសំខាន់ៗ និងសេចក្តីណែនាំស្តីពីកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងអាស៊ានជាមួយដៃគូអាស៊ាន ក៏ដូចជាគោលនយោបាយរបស់អាស៊ានចំពោះបញ្ហាតំបន់និងអន្តរជាតិ ដែលជះឥទ្ធិពលដល់តំបន់ក្នុងពេលខាងមុខនេះ រួមទាំងលើកកម្ពស់ភាពម្ចាស់ការរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់និងអន្តរជាតិនាពេលបច្ចុប្បន្ន ក្នុងនោះមានទាំងការរីករាលដាលនៃជំងឹរាតត្បាតកូវីដ ១៩ ទៀតផង។ នេះក៏ជាសកម្មភាពមានអត្ថន័យពិសេសមួយ ដែលបិទបញ្ចាប់អាណត្តិជាប្រធានអាស៊ាន ២០២០៕