កិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី៧៥ទិវាបង្កើតអង្គការសហប្រជាជាតិ
(VOVWORLD) - លោក Guterres បានអំពាវនាវសារជាថ្មីម្ដងទៀតឲ្យពិភពលោក “បង្ហាញចំណងសាមគ្គីភាពដើម្បីជំនះពុះពារលើស្ថានភាពបន្ទាន់នាបច្ចុប្បន្ន នាំវិបុលភាពឲ្យវិលប្រឡប់មកវិញ ព្រមទាំងប្រកាន់ខ្ជាប់នូវចក្ខុវិស័យនៃធម្មនុញ្ញអ.ស.បផងដែរ។
នាថ្ងៃទី២១ កញ្ញា កិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី៧៥ទិវាបង្កើតអង្គការសហប្រជាជាតិ (អ.ស.ប) បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមរបស់ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកមហាសន្និបាតអ.ស.បទាំង១៩៣។ ប្រមុខដឹកនាំប្រទេសសមាជិកទាំងអស់ បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ជំនួសឲ្យការចូលរួមដោយផ្ទាល់នៅទីស្នាក់ការអ.ស.បវិញ។
ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters មុនពេលប្រារព្ធកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ទិវាបង្កើតអ.ស.បនេះ អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានប្រកាសថា ការកើតមាននៃវីរុស SARS-CoV-2 បានបង្កើតឡើងបញ្ហាប្រឈមខាងភូមិសាស្ត្រនយោបាយនិងការគំរាមកំហែងសន្តិសុខថ្មីបន្ថែមទៀត។ លោក Guterres បានអំពាវនាវសារជាថ្មីម្ដងទៀតឲ្យពិភពលោក “បង្ហាញនូវចំណងសាមគ្គីភាពដើម្បីជំនះពុះពារលើស្ថានភាពបន្ទាន់នាបច្ចុប្បន្ន នាំវិបុលភាពឲ្យវិលប្រឡប់មកវិញ ព្រមទាំងប្រកាន់ខ្ជាប់នូវចក្ខុវិស័យនៃធម្មនុញ្ញអ.ស.បផងដែរ៕