កិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៥៖ អាមេរិកអះអាងថានៅតែតភ្ជាប់នឹងទ្វីបអាស៊ី
(VOVWORLD) - រដ្ឋមន្រ្តីលោក Ross បានអះអាងថា អាជ្ញាធរប្រធានា ធិបតីលោក Trump នៅតែតភ្ជាប់ហើយយកចិត្ត ទុកដាក់ដល់តំបន់នេះ។ លោកបានជម្រាបថាអាមេរិកកំពុងបន្តពិភាក្សាលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសនានាក្នុងតំបន់៕
បណ្ដាថ្នាក់ដឹកនាំចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន-អាមេរិកលើកទី៧នៅរាជធានីបាងកក ថៃ (រូបថត៖ TTXVN) |
នាថ្ងៃទី៤ ខែវិច្ឆិកា រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិកលោក Wilbur Ross បាន អះអាងថា អាមេរិកនៅតែតភ្ជាប់ជាមួយទ្វីបអាស៊ី ទោះបីជាប្រធានាធិបតីលោក Donald Trump បានសម្រេចមិនចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី៣៥ នោះឡើយ។ លោក Ross និងទីប្រឹក្សាសន្តិសុខជាតិលោក Robert O’brien ជាសមាជិកជាន់ខ្ពស់បំផុតក្នុងគណៈប្រតិភូអាមេរិកដែលទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់អាស៊ីបូព៌ា (EAS) និងកិច្ចប្រជុំជាន់ខ្ពស់អាស៊ាន-អាមេរិក។ គួរបញ្ជាក់ថា បណ្ដាកិច្ចប្រជុំអាស៊ានលើកមុនៗ សុទ្ធតែមានការចូលរួមរបស់ប្រធានាធិបតីឬ អនុប្រធានាធិបតីអាមេរិក។
មុននោះ ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវរងការរិះគន់ដោយសារ ការដកប្រទេសនេះចេញពីកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បន្ទាប់ពីលោកឡើងកាន់អំណាច។ ប៉ុន្តែ រដ្ឋមន្រ្តីលោក Ross បានច្រានចោលរាល់ការរិះគន់ថា អាមេរិកកំពុងបែរខ្នង លើសម្ព័ន្ធមិត្តអាស៊ីនានា។
ថ្លែងនៅវេទិកាធុរកិច្ចនៅខាងក្រៅកិច្ចប្រជុំអាស៊ាន រដ្ឋមន្រ្តីលោក Ross បានអះអាងថា អាជ្ញាធរប្រធានាធិបតីលោក Trump នៅតែតភ្ជាប់ហើយយកចិត្ត ទុកដាក់ដល់តំបន់នេះ។ លោកបានជម្រាបថាអាមេរិកកំពុងបន្តពិភាក្សាលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសនានាក្នុងតំបន់៕