កិច្ចព្រមព្រៀង CPTPP ចូលជាធរមានជាផ្លូវការនៅវៀតណាម
(VOVWORLD) - ចាប់តាំងពីថ្ងៃទី១៤ ខែមករា កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿន សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានចូលជាធរមានជាផ្លូវការនៅ វៀតណាម ហើយបើកចេញកាលានុវត្តភាពជាច្រើនចំពោះកំណើនសេដ្ឋកិច្ច ជាតិ។
CPTPP បានចូលជាធរមានចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ នៅប្រទេស ដើមដំបូងចំនួន៦ដែលសម្រេចរួចរាល់បែបបទអនុម័តលើកិច្ចព្រមព្រៀងនេះរួមមានមិកស៊ីកូ ជប៉ុន សឹង្ហបុរី នូវែលហ្សេឡង់ កាណាដា និងអូស្ត្រាលី។ ដោយមាន ការសន្យាដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ បទដ្ឋានខ្ពស់ និងតុល្យភាពនោះ CPTPP នឹងជួយពង្រឹងការតភ្ជាប់ដើម្បីផលប្រយោជន៍ដូចគ្នាទៅវិញទៅមក រវាង បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក ក៏ដូចជាជំរុញពាណិជ្ជកម្ម វិនិយោគនិងកំណើន សេដ្ឋកិច្ចក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។
កិច្ចព្រមព្រៀង CPTPP រួមមានមាត្រាចំនួន៧និងឧបសម្ព័ន្ធតែ១ដែលចែង អំពីទំនាក់ទំនងជាមួយកិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP) ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៦ដោយប្រទេសចំនួន១២រួមមាន អូស្ត្រាលី ប្រ៊ុយណេ កាណាដា ឈីលី អាមេរិក ជប៉ុន ម៉ាឡេស៊ី មិកស៊ីកូ នូវែល ហ្សេឡង់ ប៉េរូ សឹង្ហបុរី និងវៀតណាម។ ជាទូទៅ កិច្ចព្រមព្រៀង CPTPP បាន រក្សាខ្លឹមសារដដែលនៃកិច្ចព្រមព្រៀង TPP (រួមមានជំពូកចំនួន៣០និងឧបសម្ព័ន្ធ ចំនួន៩) ប៉ុន្តែអនុញ្ញាត្តិអោយប្រទេសជាសមាជិកពន្យាពេលអនុវត្តកាតព្វកិច្ច ចំនួន២០ក្រុម ដើម្បីធានាតុល្យភាពអំពីផលប្រយោជន៍និងកាតព្វកិច្ចរវាងប្រទេស ជាសមាជិកទាំងនេះ ក្រោយពីអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP៕