កិច្ចព្រមព្រៀង RCEP អាចនឹងបានចុះហត្ថលេខានាចុងឆ្នាំ ២០២០
(VOVWORLD) - នាថ្ងៃទី ២៧ ខែសីហា កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច RCEPលើកទី ៨ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដែលដឹកនាំដោយលោក Tran Tuan Anh រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ដើម្បីធ្វើការពិភាក្សា និងជំរុញការចរចាលើកិច្ចព្រមព្រៀង RCEP ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនាចុងឆ្នាំ ២០២០ តាមការណែនាំរបស់ថ្នាក់ដឹកនាំ RCEP ។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV) |
អញ្ជើញថ្លែងបើកកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី Tran Tuan Anh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកចរចារ នៃកិច្ចព្រមព្រៀង RCEP តាំងពីដើមឆ្នាំមក។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ថា ជំងឺរាតត្បាតកូវីដ ១៩ មិនត្រឹមតែជាវិបត្តិសុខាភិបាលប៉ុណ្ណោះទេ ថែមទាំងជាវិបត្តិសង្គម និងសេដ្ឋកិច្ចទៀតផង។ លោកបានថ្លែងថា៖
“ផលប៉ះពាល់ជាអវិជ្ជមាននៃវិបត្តិមកលើសេដ្ឋកិច្ចពិភពលោកបានបង្ហាញថា យើងចាំបាច់ត្រូវរួមសហការគ្នា ដើម្បីពង្រឹង និងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ និងជំរុញការស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយកូវីដ ១៩ ដែលក្នុងនោះកិច្ចព្រមព្រៀង RCEP នឹងដើរតួយ៉ាងសំខាន់។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នឹងបញ្ជូនសារដ៏សំខាន់ដល់ពិភពលោកអំពីកម្លាំងរបស់តំបន់ ការខិតខំប្រឹងប្រែងរបស់យើង ក៏ដូចជាការគាំទ្ររបស់យើងចំពោះយន្តការពាណិជ្ជកម្មពហុភាគីបើកចំហរ និងផ្អែកលើច្បាប់ផងដែរ”។
បណ្ដារដ្ឋមន្រ្តីបានកត់សម្គាល់អំពីការខិតខំប្រឹងប្រែងនិងវឌ្ឍនភាពនៅក្នុងកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀង RCEP ព្រមទាំងអះអាងថា កិច្ចព្រមព្រៀងនេះអាចត្រូវបានចុះហត្ថលេខានៅកិច្ចប្រជុំកំពូល RCEP លើកទី ១៤ នាខែខែវិច្ឆិកាខាងមុខផងដែរ៕