កិច្ចព្រមព្រៀងសំខាន់ៗជាច្រើនត្រូវបានចុះហត្ថលេខានៅវេទិកាធុរកិច្ចមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ឆ្នាំ ២០២០
(VOVWORLD) - នោះគឺជាការវាយតម្លៃរបស់គណៈប្រតិភូវៀតណាម - អាមេរិកនៅវេទិកាធុរកិច្ចមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ឆ្នាំ ២០២០ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែតុលានៅទីក្រុងហាណូយ។
ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh បានសង្កត់ធ្ងន់ថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺជាកន្លែងបង្រួបបង្រួមនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននិងមានភាពស្វាហាប់បំផុតនៅលើពិភពលោក (រូបថត៖ VGP) |
នៅក្នុងវេទិកានោះ ថ្នាក់ដឹកនាំរដ្ឋាភិបាលនិងធុរកិច្ចសហរដ្ឋអាមេរិក វៀតណាមនិងបណ្តាប្រទេសដទៃទៀតក្នុងតំបន់ បានពិភាក្សាគ្នាពីបញ្ហាថាមពល ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល រហូតដល់ការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត ក៏ដូចជា ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសហរដ្ឋអាមេ រិកនិងតំបន់។
ថ្លែងក្នុងវេទិកានេះ លោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានបញ្ជាក់យ៉ាងច្បាស់នូវយុទ្ធសាស្ត្រធំៗ ចំនួន ៣ ក្នុងយុទ្ធសាស្ត្រសហប្រតិបត្តិការនៃតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក នាពេលខាងមុខ។ “មានសសរស្តម្ភសំខាន់ៗចំនួន ៣ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក រួមមានសេដ្ឋកិច្ចសន្តិសុខនិងអភិបាលកិច្ច។ ក្នុងនោះ សហគមន៍ធុរកិច្ចក្នុងតំបន់កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសសរស្តម្ភសេដ្ឋកិច្ច។ ហើយវេទិកានេះ គឺជាវេទិកាសំខាន់បំផុតមួយសម្រាប់មន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលបណ្តាប្រទេស និងដៃគូមកពីប្រទេសជាច្រើនក្នុងតំបន់ ដើម្បីជួបប្រាស្រ័យទាក់ទងគ្នា ដើម្បីជំរុញតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកមួយប្រកបដោយសេរីភាពនិងបើក ចំហ”។ នេះបើយោងតាមប្រសាសន៍របស់លោក Vu Tien Loc។
នៅក្នុងវេទិកានេះ វៀតណាមនិងអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនិងអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៧ផងដែរ។
ថ្លែងមតិនៅវេទិកាតាមទម្រង់វីដេអូ លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិកបានវាយតម្លៃខ្ពស់ចំពោះវៀតណាមក្នុងតួនាទីជាប្រធានអាស៊ាន ២០២០ ដោយលើកឡើងថា វៀតណាមបានខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសសមាជិកដទៃទៀត ដើម្បីនាំអាស៊ានឆ្លងផុតជាបណ្តើរៗពីជំងឺរាតត្បាតកូវីដ ១៩។
“សហរដ្ឋអាមេរិកបានបង្កើតគំនិតរៀបចំវេទិកាធុរកិច្ចមហាសមុទ្រឥណ្ជា - ប៉ាស៊ីហ្វិកប្រចាំឆ្នាំ ពីព្រោះយើងយល់ពីគោលការណ៍ដែលលើកកម្ពស់ភាពរុងរឿងនិងនិរន្តរភាពសម្រាប់តំបន់។ សហរដ្ឋអាមេរិកប្តេជ្ញាបង្កើតលក្ខណៈងាយស្រួល សម្រាប់សម្ព័ន្ធមិត្តរបស់យើងឱ្យមានការរីកចម្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិកបាននាំទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀតក្នុងតំបន់ឈានដល់កម្រិតថ្មីមួយ។ យើងខ្ញុំក៏យល់ថា សហរដ្ឋអាមេរិកដើរតួនាទីយ៉ាងសំខាន់ ហើយប្តេជ្ញាថា នឹងប្រកៀកស្មារជាមួយគ្នាក្នុងការអភិវឌ្ឍន៍ប្រកបដោយវិបុលភាពនិងនិរន្តរភាពនៃតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក”។ នេះបើយោងតាមប្រសាសន៍របស់លោល Mike Pompeo។
លោក Pompeo ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃតំបន់មហាមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកចំពោះផលប្រយោជន៍សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងបានបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់នេះនាពេលអនាគតនឹងមិនផ្លាស់ប្តូរនោះឡើយ៕