កិច្ចសន្ទនា Shangri-La 2022៖ វៀតណាមខិតខំប្រឹងប្រែងរួមជាមួយប្រទេសដទៃការពារសន្តិភាព
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនា Shangri-La ឆ្នាំ ២០២២ នៅប្រទេសសិង្ហបុរី នារសៀលថ្ងៃទី ១១ មិថុនា នៅសម័យពិភាក្សា “ធ្វើទំនើបកម្មយោធា និងសមត្ថភាពការពារជាតិ” លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញថ្លែងសុន្ទរកថាដ៏សំខាន់មួយ ក្រោមប្រធានបទ "ពង្រឹងសមត្ថភាពការពារជាតិដើម្បីការពារមាតុភូមិ”។
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ថ្លែងសុន្ទរកថានៅកិច្ចសន្ទនា Shangri-La។ (រូបថត៖ VOV) |
ចាប់ផ្ដើមសុន្ទរកថា លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាមបានបញ្ជាក់ថា ពិភពលោកកំពុងមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញជាមួយនឹងបញ្ហាប្រឈមសន្តិសុខប្រពៃណី និងក្រៅប្រពៃណីជាច្រើន; ខណៈពេលដែលនិន្នាការ អភិវឌ្ឍន៍ដោយសន្តិភាពតែងតែជាបំណងប្រាថ្នារួមរបស់មនុស្សជាតិ គឺការប្រកួតប្រជែងជាយុទ្ធសាស្ត្រ ទំនាស់ ជម្លោះផលប្រយោជន៍ និងជម្លោះអធិបតេយ្យភាពទឹកដីរវាងប្រទេសនានានៅតែបន្តកើតមាន។ វៀតណាមបានឆ្លងកាត់សង្គ្រាមស្វ័យការពារអស់រយៈពេលជាច្រើនទស្សវត្ស ដូច្នេះហើយមានការយល់ច្បាស់ពីផលវិបាកនៃអំពើហិង្សា និងជម្លោះ។ វៀតណាមមានគោលបំណងហើយប្ដេជ្ញារក្សាសន្តិភាពរបស់ប្រទេសជាតិ; ព្រមទាំងអនុវត្តន៍ការទទួលខុសត្រូវអន្តរជាតិដ៏ខ្ពង់ខ្ពស់ផងដែរ។
នៅសម័យពិភាក្សា លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់លើទស្សនៈរបស់ វៀតណាម។ នោះគឺ “វៀតណាមមានប្រាថ្នាចង់ឲ្យប្រទេសនិងប្រជាជាតិទាំងអស់លើពិភពលោក សុទ្ធតែទទួលបានសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយសមភាព។ វៀតណាមមានបំណងចង់ក្លាយជាមិត្ត និងជាដៃគូដ៏គួរឲ្យទុកចិត្តរបស់ប្រទេសដទៃ”។ វៀតណាមមិនចូលរួមសម្ព័ន្ធភាពយោធា មិនចងសម្ព័ន្ធជាមួយប្រទេសមួយដើម្បីប្រឆាំងនឹងប្រទេសមួយទៀត; មិនអនុញ្ញាតឲ្យបរទេសបង្កើតមូលដ្ឋានយោធា ឬប្រើប្រាស់ទឹកដីរបស់វៀតណាមដើម្បីប្រឆាំងនឹងប្រទេសដទៃទៀត; មិនប្រើប្រាស់កម្លាំង ឬគំរាមកំហែងប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។
ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា វៀតណាមខិតខំព្យាយាមហើយប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហា សមុទ្រខាងកើត ដោយឈរលើមូលដ្ឋាននៃការសន្ទនា និងការគោរពច្បាប់អន្តរជាតិ៕