កិច្ចសន្ទនា Shangri-La ២០១៩៖ កំដៅនៃការប្រួតប្រជែងរវាងអាមេរិកនិង ចិន
(VOVWORLD) - នាយប់ថ្ងៃទី៣១ ខែឧសភា កិច្ចប្រជុំកំពូលសន្តិសុខទ្វីបអាស៊ីឆ្នាំ២០១៩ (កិច្ចសន្ទនា Shangri-La SLD 2019) បានប្រារព្ធធ្វើឡើងជាផ្លូវការនៅសឹង្ហបុរី។
រដ្ឋមន្រ្តីការពារជាតិចិនលោក Wei Fenghe (រូបថត៖ AP) |
នេះជាវេទិកាសន្តិសុខសំខាន់ជួរមុខលើពិភពលោកដោយមានការចូលរួមរបស់រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តី និងមន្ត្រីការពារជាតិមកពីរាប់សិបប្រទេស ដើម្បី ពិភាក្សាអំពីបញ្ហាសន្តិសុខសំខាន់ៗនៅក្នុងតំបន់និងលើពិភពលោក។
នេះជាវេទិកាដើម្បីពិចារណានិងពិភាក្សាអំពីបញ្ហានានាទាក់ទិនដល់សន្តិភាពនិងសន្តិសុខ ប៉ុន្តែកិច្ចសន្ទនា Shangri-La ឆ្នាំនេះដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនានេះ ត្រូវគ្របដណ្ដប់ដោយបញ្ហាផ្សេងៗ។ ក្នុង នោះ បញ្ហាលេចធ្លោបំផុតគឺជម្លោះពាណិជ្ជកម្មរវាងអាមេរិកនិងចិន ក៏ដូចជា សង្គ្រាមបច្ចេកវិទ្យារវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះផងដែរ។ ក្រៅពីនោះ ភាគីទាំងពីរក៏បានជជែកវែកញែកគ្នាលើបញ្ហាសន្តិសុខយុទ្ធសាស្ត្រផ្សេងៗ ដូចជា បញ្ហាសមុទ្រខាងកើតនិងបញ្ហាច្រកសមុទ្រតៃវ៉ាន់ទៀតផង។ មុននឹងកិច្ចសន្ទនា Shangri-La ឆ្នាំនេះចាប់ផ្ដើម ប្រធានអគ្គសេនាធិការចម្រុះអាមេរិកលោក Joseph Dunford កាលពីថ្ងៃទី២៩ ខែឧសភា បានរិះគន់រដ្ឋអំណាច ប៉េកាំង ដែលបានរំលោភលើការសន្យាស្ដីពីការ មិនធ្វើយោធូបនីយកម្មសមុទ្រខាងកើត។
ក្នុងកាលៈទេសៈនោះ កិច្ចសន្ទនា Shangri-La ឆ្នាំ២០១៩ ត្រូវបានរំពឹងទុក ថា នឹងបំភ្លឺនូវជ្រុងជ្រោយជាច្រើននៅក្នុងភាពតានតឹងនៃទំនាក់ទំនងរវាងអាមេរិក និងចិន។ ឆ្នាំនេះ ចិនបានបញ្ជូនរដ្ឋមន្រ្តីការពារជាតិលោក Wei Fenghe ទៅចូល រួមវេទិកាសន្តិសុខសំខាន់នេះ ក្រោយរយៈពេលច្រើនឆ្នាំបញ្ជូនត្រឹមមន្ត្រីជាន់ទាប។ នេះជាឱកាសដើម្បីអោយលោក Wei និយាយអំពី “ការរួមចំណែករបស់ចិនទៅ ក្នុងសន្តិសុខតំបន់” ព្រមទាំងបំភ្លឺនូវតួនាទីរបស់ប៉េកាំងនៅទ្វីបអាស៊ីផងដែរ។ ចំពោះភាគីអាមេរិកវិញ គឺរដ្ឋមន្រ្តីការពារជាតិស្ដីទីលោក Patrick Shanahan នឹង ថ្លែងសុន្ទរកថាស្ដីពីយុទ្ធសាស្ត្រសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើកចំហ (FOIPS) របស់អាមេរិក ផងដែរ៕