កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - កម្ពុជាលើកទី ៤
(VOVWORLD) - កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា លើកទី ៤ បានប្រព្រឹត្តទៅ កាលពីថ្ងៃទី ២៣ ខែកក្កដា នៅទីស្នាក់ការក្រសួងការពារជាតិនៃរាជធានីភ្នំពេញ (ព្រះរាជាណាចក្រកម្ពុជា) ក្រោមការធ្វើជាសហប្រធានរបស់លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាមនិងនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការនៃក្រសួងការពារជាតិកម្ពុជា។
នាយឧត្តមសេនីយ៍ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានអញ្ជើញទទួលជួបគណៈប្រតិភូវៀតណាម |
នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានវាយតម្លៃដោយផ្ចិតផ្ចង់ អំពីលទ្ធផលទទួលបានពីកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរនាពេលកន្លងមកនិងបានព្រមព្រៀងលើវិធានការនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ភាគីទាំងពីរបានព្រមព្រៀងជាឯកច្ឆន្ទអំពីបណ្តាបញ្ហាយុទ្ធសាស្ត្រ ដែលប៉ះពាល់ដល់សន្តិសុខនយោបាយនៃប្រទេសទាំងពីរ ព្រមទាំងបានអះអាងថា នៅក្នុងបរិបទបច្ចុប្បន្ននេះ ប្រទេសទាំងពីរគួរតែបន្តពង្រឹងទំនាក់ទំនងការពារជាតិទ្វេ ភាគី ដោយរក្សា និងពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងកម្ពុជា។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរនូវទស្សនៈស្តីពីស្ថានភាពសន្តិសុខនយោបាយក្នុងតំបន់និងអន្តរជាតិដែលមានការ យកចិត្តទុកដាក់ដូចគ្នាផងដែរ។
ក្នុងថ្ងៃដដែល នាយឧត្តមសេនីយ៍ សម្តេច ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានទទួលគណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម មកសម្តែងការគួរសមនិងពិភាក្សាការ ងារ។
ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh បានស្នើសុំអោយក្រសួងការពារជាតិកម្ពុជានិងរូបលោករដ្ឋមន្ត្រីផ្ទាល់ បន្តមានយកចិត្តទុកដាក់ ក្នុងការបញ្ជាណែនាំអោយភ្នាក់ងារនិងអង្គភាពយោធានានា ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់ខ្លឹមសារចែងក្នុងពិធីសារនិងផែនការសហប្រតិបត្តិការប្រចាំឆ្នាំ ក៏ដូចជាកិច្ចព្រមព្រៀងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
អញ្ជើញឆ្លើយតបវិញ នាយឧត្តមសេនីយ៍ សម្តេច ទៀបាញ់ បានស្នើសុំអោយភាគីទាំងពីរបង្កើនការផ្លាស់ប្តូរនិងការច្នៃប្រឌិតនូវខ្លឹមសារនិងវិធានការ រួមទាំងការស្វែងរកវិស័យសហប្រតិបត្តិការថ្មី ដើម្បីនាំទំនាក់ទំនង កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធិភាព៕