កិច្ចសន្ទនាជាន់ខ្ពស់រវាងវៀតណាមនិងក្រិក
(VOVWORLD) - នាថ្ងៃទី ១៦ ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋលោក Nguyen Xuan Phuc និងប្រធានាធិបតីក្រិកលោកស្រី Katerina Sakellaropoulou អញ្ជើញដំណើរការកិច្ចសន្ទនា។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានាធិបតីក្រិកលោកស្រី Katerina Sakellaropoulou (រូបថត៖ VOV) |
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងទំនាក់ទំនងនិងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ មិនត្រឹមតែនៅថ្នាក់ខ្ពស់ប៉ុណ្ណោះទេ ថែមទាំងនៅថ្នាក់ក្រសួង មូលដ្ឋាន និងធុរកិច្ចនៃប្រទេសទាំងពីរផងដែរ។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានាធិបតីលោកស្រី Katerina Sakellaropoulou បានឯកភាពនឹងខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច លើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលសម្រាប់ សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ បង្កើនទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ និងតភ្ជាប់ដៃគូនានា ដោយផ្តោតលើវិស័យមួយចំនួនដែលវៀតណាមមានតម្រូវការហើយក្រិកមានប្រៀបខ្លាំង ដូចជាការតម្លើងកប៉ាល់ ជួសជុលកប៉ាល់ សេវាកម្មដឹកជញ្ជូន ថាមពល កសិកម្ម... ជាដើម។ ដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពជំរុញការចរចាដើម្បីបញ្ចប់ក្របខ័ណ្ឌច្បាប់នៃកិច្ចព្រមព្រៀងស្តីពីការចៀសវាងវាយពន្ធទ្វេដង និងកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមសមុទ្រ។
ទិដ្ឋភាពទូទៅនៃជំនួបរវាងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរវៀតណាមនិងក្រិក (រូបថត៖ VOV) |
ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទ្វេភាគីផ្សេងទៀត ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ វប្បធម៌ អប់រំ កីឡា ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន។ ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់ ផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក រួមទាំងការថែរក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ ដោយគោរពតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ៕