កិច្ចសន្ទនាលើកទី២ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅថ្នាក់ឧបនាយករដ្ឋមន្ត្រីវៀតណាម-កូរ៉េខាងត្បូង
(VOVWORLD) - នារសៀលថ្ងៃទី ១០ ខៃមីនា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai និងសមភាគីកូរ៉េខាងត្បូង លោក Choo Kyung-ho បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចសន្ទនាលើកទី២ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចថ្នាក់ឧបនាយករដ្ឋមន្ត្រីវៀតណាម-កូរ៉េខាងត្បូង។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai និងឧបនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Choo Kyung-ho។ (រូបថត៖ dangcongsan.vn) |
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានសង្កត់ធ្ងន់ថា កិច្ចសន្ទនាសំដៅជួយតម្រង់ទិស ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ កិច្ចព្រមព្រៀងដែលទទួលបាននៅក្នុងកិច្ចសន្ទនាមានសារសំខាន់សម្រាប់ភាគីទាំងពីរក្នុងការសម្របសម្រួល និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីវិបុលភាពរួមរបស់ប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកូរ៉េខាងត្បូង។
រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Choo Kyungho បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងជួយអាជីវកម្មកូរ៉េខាងត្បូងពង្រីកសកម្មភាពវិនិយោគរបស់ខ្លួននៅវៀតណាម ជាពិសេសលើវិស័យដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធដែលមិនប៉ះពាល់ដល់បរិស្ថាន; ការអភិវឌ្ឍថាមពលស្អាត; ហិរញ្ញវត្ថុ; កសិកម្ម; វេជ្ជសាស្ត្រ; ឌីជីថល និងវប្បធម៌…
ដោយចាត់ទុក “កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់” គឺជាពាក្យគន្លឹះដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ លោកឧបនាយករដ្ឋមន្ត្រី Choo Kyungho បានឲ្យដឹងថា៖ វៀតណាមបានក្លាយជាមជ្ឈមណ្ឌលផលិតកម្មពិភពលោកដែលមានបរិយាកាសវិនិយោគអំណោយផល និងកម្លាំងពលកម្មវ័យក្មេងសម្បូរធូធា។ តាមនោះ សហគ្រាសធំៗរបស់កូរ៉េខាងត្បូងដែលវិនិយោគនៅវៀតណាមបានកសាងខ្សែសង្វាក់តម្លៃក្នុងតំបន់។ ឧបនាយករដ្ឋមន្ត្រី Choo Kyungho បានអះអាងជាថ្មីម្តងទៀតថា កូរ៉េខាងត្បូងមានបំណងចង់រួមដំណើរជាមួយវៀតណាមក្នុងបរិបទដែលពិភពលោកកំពុងមានការវិវត្តន៍ដ៏ធំធេង។ ការគួបផ្សំរវាងសក្ដានុពលរបស់វៀតណាម និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង នឹងជួយប្រទេសទាំងពីរអភិវឌ្ឍប្រកបដោយចីរភាព៕