កិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិមានតួនាទីសំខាន់ក្នុងគោលនយោបាយការបរទេសរបស់វៀតណាម
(VOVWORLD) - នាយប់ថ្ងៃទី ២១ ខែតុលា នៅមជ្ឈមណ្ឌលសន្និសិទ្ធអន្តរជាតិ (នៃទីក្រុងហាណូយ) ប្រធានរដ្ឋវៀត ណាម លោក Nguyen Xuan Phuc និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៤៥ នៃទិវាវៀតណាមចូលជាសមាជិកអង្គការសហប្រជាជាតិ (២០ កញ្ញា ១៩៧៧ - ២០ កញ្ញា ២០២២)។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc, អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងគណៈប្រតិភូបានចូលរួមពិធីអបអរសាទរ (រូបថត៖ VOV) |
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា ការចូលជាសមាជិកទី ១៤៩ របស់អង្គការសហប្រជាជាតិនាថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៧ គឺជាការចាប់ផ្តើមនៃដំណើរប្រវត្តិសាស្ត្រថ្មី ក្នុងការកសាង និងការពារមាតុភូមិវៀតណាម។ វៀតណាមមានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអនុវត្តបេសកកម្មដ៏ខ្ពង់ខ្ពស់របស់អង្គការសហប្រជាជាតិ។ ពីប្រទេសធ្លាប់់តែទទួលជំនួយមនុស្សធម៌ វៀតណាមបានក្រោកឡើង ក្លាយជាដៃគូដែលអាចទុកចិត្តបាន និងមានទំនួលខុសត្រូវលើគ្រប់វិស័យសំខាន់ៗរបស់អង្គការសហប្រជាជាតិ ដោយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាច្រើន (SDG)។ វៀតណាមកំពុងត្រួសត្រាយការខិតខំប្រឹងប្រែងកែទម្រង់ប្រព័ន្ធអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិនៅថ្នាក់ជាតិ។ នៅក្រុមប្រឹក្សាសន្តិសុខ និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ វៀតណាមបានផ្សព្វផ្សាយរបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើការទទួលបានសិទ្ធិមនុស្ស។ ហើយថ្មីៗនេះ វៀតណាមទើបជាប់ឆ្នោតចូលក្រុមប្រឹក្សាសិទ្ធិមនុស្សឆ្នាំ ២០២៣-២០២៥។ នាបច្ចុប្បន្ន វៀតណាមកំពុងខិតខំប្រឹងប្រែងសម្រាប់ការផ្លាស់ប្តូរថាមពល ការផ្លាស់ប្តូរបៃតង ឆ្ពោះទៅកាត់បន្ថយការបំភាយឧស្ម័នទៅជា "សូន្យ" នៅឆ្នាំ 2050។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ជាងពេលណាៗទាំងអស់ យើងរំពឹងថា អង្គការសហប្រជាជាតិនឹងបន្តដើរតួនាទីជាមជ្ឈមណ្ឌលក្នុងអភិបាលកិច្ចសកល ក្នុងនាមជាអ្នកតភ្ជាប់សាមគ្គីភាពអន្តរជាតិ ដែលជាចំណុចស្នូលសម្រាប់ការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងពហុភាគី ដើម្បីជួយពង្រឹងសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដើម្បីពិភពលោកមួយគ្មានសង្គ្រាម គ្មានជម្លោះ គ្មានអយុត្តិធម៌ ហើយមនុស្សជាតិលែងមានភាពក្រីក្រ អន់ថយក្រោយ។ សម្រាប់ប្រទេសវៀតណាម ពីប្រវត្តិសាស្ត្រឆ្លងកាត់សង្រ្គាមជាច្រើនឆ្នាំមក យើងយល់យ៉ាងស៊ីជម្រៅអំពីអត្ថន័យសន្តិភាព និងតម្លៃនៃការអភិវឌ្ឍដោយបានប្តេជ្ញាចិត្ត សម្រេចបាននូវប្រទេសជាតិខ្លាំងមាំមួន ប្រជាជនសម្បូរធូធារ សង្គមប្រជាធិបតេយ្យ និងអរិយធម៌ ជាមួយនឹងសេចក្តីប្រាថ្នាដ៏មុតមាំរបស់វៀតណាម សំដៅក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ លើកំណាត់ផ្លូវអភិវឌ្ឍន៍នោះ កិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិតែងតែមានតួនាទីសំខាន់ក្នុងគោលនយោបាយការបរទេស ឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង ពហុភាគីភាវូបនីយកម្ម ការធ្វើពិពិធកម្មទំនាក់ទំនង ចូលរួមសមាហរណកម្មអន្តរជាតិដ៏ទូលំទូលាយ លើគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធភាពរបស់វៀតណាម។ យើងនឹងខិតខំអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ រួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល និងខិតខំដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍលើពិភពលោក”។
ក្នុងសុន្ទរកថា អគ្គលេខាធិការអ.ស.ប មានបំណងចង់ឲ្យ អ.ស.ប និងវៀតណាមបន្តជំរុញកិច្ចសហប្រតិបត្តិការ និងបន្តសរសេរឡើងជំពូកថ្មីក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយជោគជ័យរបស់វៀតណាម។ ក្នុងនោះ យកប្រជាជនជាមជ្ឈភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព ធានាយុត្តិធម៌សង្គម អភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង...។
“ប្រទេសវៀតណាមបានឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយ ប៉ុន្តែដំណើរអភិវឌ្ឍន៍របស់វៀតណាមនៅតែបន្ត។ ជាថ្មីម្តងទៀត វៀតណាមកំពុងប្រឈមមុខនឹងឱកាសដើម្បីក្លាយជាអ្នកត្រួសត្រាយផ្លូវសម្រាប់តម្លៃថ្មី។ ដូច្នេះ ដើម្បីយើងអាចរក្សាអនាគតឱ្យមានសុវត្ថិភាពពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ; ដើម្បីមិនទុកនរណាម្នាក់ចោលនៅពីក្រោយឡើយ; ដើម្បីឱ្យអ្នកអាចផ្លាស់ប្តូរសេដ្ឋកិច្ចរបស់អ្នក និងផ្លាស់ប្តូរពិភពលោក អង្គការសហប្រជាជាតិមានមោទនភាពក្នុងការក្លាយជាដៃគូរបស់វៀតណាម រួមគ្នាឆ្ពោះទៅមុខ។ យើងនឹងរួមគ្នាឆ្ពោះទៅមុខ ដូចជាការលើកទឹកចិត្តក្នុងបទ ភ្លេងជាតិវៀតណាម”។
អគ្គលេខាធិការអង្គការសហប្រជាជាតិបានអបអរសាទរវៀតណាមដែលបានជាប់ឆ្នោតជាក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ដោយសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើតភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ លោកអគ្គលេខាធិការបានវាយតម្លៃថា វៀតណាមកំពុងនាំមុខក្នុងដំណើរការនោះ ដោយបានត្រួសត្រាយក្នុងការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្មី ដើម្បីពន្លឿនដំណើរការផ្លាស់ប្តូរប្រកបដោយសមធម៌ និងរួមបញ្ចូលទៅនឹងថាមពលកកើតឡើងវិញ៕