កិច្ចសហប្រតិបត្តិការរវាង IAEA និងវៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ
(VOVWORLD) - កិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិ (IAEA) និងវៀត ណាមកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ នេះគឺជាការថ្លែងរបស់ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong និងអគ្គនាយកស្តីទី IAEA លោកស្រី Najat Mokhtar ក្នុង ជំនួបរវាងមេដឹកនាំទាំងពីរកាលពីរសៀលថ្ងៃទី ២៤ កក្កដា នៅទីក្រុងវីយែន។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ជួបធ្វើការជាមួយអគ្គនាយកស្តីទី IAEA
លោកស្រី Najat Mokhtar។ (រូបថត៖ VNA) |
IAEA កំពុងជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តគម្រោងក្នុងក្របខ័ណ្ឌ "កម្មវិធី កិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ IAEA" រួមមានគម្រោងជាក់ស្តែងចំនួនពីរ ស្តីពីកម្មវិធី នុយក្លេអ៊ែរក្នុងការដោះស្រាយជំងឺរាតត្បាតដែលកើតមកពីសត្វ (ZODIAC) និងក្នុងការ ដោះស្រាយកាកសំណល់ប្លាស្ទិកនៅមហាសមុទ្រ (NUTEC Plastic)។ ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា វៀតណាមនឹងចូលរួម ហើយអនុវត្តយ៉ាង សកម្មនូវគម្រោងសហប្រតិបត្តិការបច្ចេកទេសដែលផ្តួចផ្តើមដោយ IAEA; ថ្លែងអំណរ គុណចំពោះ IAEA ដែលបានគាំទ្រវៀតណាមចូលរួមក្នុងគម្រោងសហប្រតិបត្តិការ ត្រីភាគីរវាងវៀតណាម IAEA និងឡាវ/កម្ពុជា សំដៅជួយឧបត្ថម្ភប្រទេសជិតខាងទាំងពីររបស់
វៀតណាមក្នុងការអភិវឌ្ឍកម្មវិធីថាមពលបរិមាណូដើម្បីគោលដៅសន្តិភាព។ លោកប្រធានរដ្ឋបានស្នើឲ្យ IAEA បន្តបង្កើនគម្រោងសហប្រតិបត្តិការបច្ចេកទេស សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីឲ្យវៀតណាមអាចចូលរួម។ លោកប្រធានរដ្ឋក៏ បានស្នើឲ្យ IAEA បន្តសហការជាមួយវៀតណាមក្នុងកម្មវិធីសហប្រតិបត្តិការអន្តរជាតិ ចែករំលែកបទពិសោធន៍ និងផ្តល់ជំនួយបច្ចេកទេសដើម្បីបង្កើនសមត្ថភាពជាតិ សម្រាប់វៀតណាម ជាពិសេសលើវិស័យអធិការកិច្ច សន្តិសុខ និងសុវត្ថិភាព នុយក្លេអ៊ែរនិយាយរួម។
រីឯខ្លួនវិញ លោកស្រី Najat Mokhtar បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការ ជាមួយវៀតណាម គឺជាគំរូប្រកបដោយប្រសិទ្ធភាព និងជោគជ័យ ហើយបានអះអាង ថា នឹងបន្តសហការលើកកំពស់សមត្ថភាព និងផ្ទេរបច្ចេកវិទ្យាទៅឲ្យវៀតណាមនា ពេលខាងមុខ។ លោកស្រី Najat Mokhtar បានអបអរសាទរចំពោះវៀតណាមដែល បាននិងកំពុងបំពេញបានល្អនូវតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាល IAEA អាណត្តិ ២០២១-២០២៣ ហើយមានបំណងថា វៀតណាមនឹងបន្តរួមចំណែកក្នុងកិច្ចខិតខំ ប្រឹងប្រែងរបស់ IAEA ដើម្បីដោះស្រាយបញ្ហាកង្វល់រួមរបស់សហគមន៍អន្តរជាតិ៕