កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខបន្តជាសសរស្តម្ភដ៏សំខាន់មួយនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌា
(VOVWORLD) - នាថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla (រូបថត៖ VOV) |
តបតាមការអញ្ជើញរបស់ប្រធានសភាជាន់ទាបឥណ្ឌា Om Birla និងប្រធានព្រឹទ្ធសភាឥណ្ឌាលោក Venkaiah Naidu ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ១៥ ដល់ ១៩ ខែធ្នូ ឆ្នាំ ២០២១។
នាថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយប្រធានសភាជាន់ទាបឥណ្ឌាលោក Om Birla។
នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពសម្របសម្រួលឱ្យបានល្អ ដើម្បីរៀបចំសកម្មភាពជាក់ស្តែងនិងប្រកបដោយអត្ថន័យ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតឆ្នាំ ២០២២ ដើម្បីលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមករបស់ប្រជាជនទាំងពីរ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ-សន្តិសុខនៅតែបន្តជាសសរស្តម្ភដ៏សំខាន់មួយនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបង្ហាញពីការជឿទុកចិត្តខ្ពស់រវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពល វិទ្យាសាស្ត្រ និងបច្ចេក វិទ្យា ការអភិវឌ្ឍប្រកបដោយចីរភាព សេដ្ឋកិច្ចបៃតង និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ភាគីទាំងពីរបានឯកភាពលើភាពចាំបាច់ក្នុងការបើកជើងហោះហើរត្រង់ឡើងវិញក្នុងពេលឆាប់ៗនេះ និងទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់គ្នាទៅវិញទៅមក។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរវិធានការពង្រឹងទំនាក់ទំនងលើវិស័យវប្បធម៌ ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន ធនធានធម្មជាតិ និងបរិស្ថាន យុត្តិធម៌ និងហិរញ្ញវត្ថុ។
ថ្នាក់ដឹកនាំរដ្ឋសភាទាំងពីរបានអះអាងនូវសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយគាំទ្រការជំរុញកិច្ចសន្ទនា និងការកសាងទំនុកចិត្ត ការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងស្នើភាគីទាំងពីរពង្រឹងសកម្មភាពសហប្រតិបត្តិការរដ្ឋសភាក្នុងក្របខ័ណ្ឌទ្វេភាគីនិងនៅវេទិកាពហុភាគី។
ក្នុងឱកាសនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញប្រធានសភាជាន់ទាបលោក Om Birla មកបំពេញទស្សនកិច្ចនៅវៀតណាមតាមពេលវេលាដ៏សមស្រប ហើយលោក Om Birla បានទទួលយកសេចក្តីអញ្ជើញនេះដោយរីករាយ៕