កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងម៉ាឡេស៊ីបានក្លាយទៅជាចំណុចភ្លឺមួយនៅក្នុងអាស៊ាននិងក្នុងតំបន់
(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែមីនា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaacob ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ប្រធានរដ្ឋ លោក Nguyen Xuan Phuc ទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaacob (រូបថត៖ TTXVN) |
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Dato' Sri Ismail Sabri bin Yaacob បានជម្រាបជូនលោកប្រធានរដ្ឋ Nguyen Xuan Phuc អំពីលទ្ធផលសំខាន់ៗនៃកិច្ចសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដោយភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងពលកម្ម ដោយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រ ដំណាក់កាល ២០២១ - ២០២៥ ព្រមទាំងសម្របសម្រួលក្នុងការអនុវត្តសកម្មភាពជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣។
ដោយវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចពិភាក្សាសំខាន់ៗរវាងនាយករដ្ឋមន្ត្រីទាំងពីររូប ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឲ្យលោកនាយករដ្ឋមន្ត្រី Ismail Sabri Yaacob លើកទឹកចិត្តសហគ្រាសម៉ាឡេស៊ី ពង្រីកការវិនិយោគលើវិស័យដែលវៀតណាមផ្តល់អាទិភាពខ្ពស់ ដូចជា បច្ចេកវិទ្យា នវានុវត្តន៍ ស្រាវជ្រាវនិងអភិវឌ្ឍន៍ រួមទាំងជំរុញសេដ្ឋកិច្ចឌីជីថល។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានស្នើថា ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងជំរុញមិនចេះឈប់ឈរនូវការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc សង្ឃឹមថា ភាគីទាំងពីរនឹងបន្តគាំទ្រ និងសហការយ៉ាងសកម្មនៅអង្គការសហប្រជាជាតិ វេទិកាតំបន់ និងអន្តរជាតិ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពវាយតម្លៃថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង វៀតណាមនិងម៉ាឡេស៊ីបានក្លាយទៅជាចំណុចភ្លឺមួយនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងក្នុងតំបន់ ជាមួយនឹងទំហំពាណិជ្ជកម្មនៅឆ្នាំ ២០២១ ឈានដល់ ១២,៥២ ពាន់លានដុល្លារអាមេរិក កើនឡើង ២៥,៣% បើធៀបនឹងឆ្នាំ ២០២០ ហើយ ឡេស៊ីគឺជាអ្នកវិនិយោគធំទីពីររបស់វៀតណាមក្នុងអាស៊ាន ជាមួយនឹងការវិនិយោគសរុប ១៣ ពាន់លានដុល្លារ៕