កម្ពុជាអបអរសាទរខួបលើកទី៤០នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម
(VOVWORLD) - នាព្រឹកថ្ងៃទី៧ខែមករា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ប្រ ជាជនកម្ពុជា រាប់ពាន់នាក់ រួមជាមួយតំណាងក្រសួង ស្ថាប័ននានានៃរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមពិធីអបអរសាទរខួបលើកទី៤០នៃទិវាជ័យជំនះ ៧ មករា (ថ្ងៃទី៧ខែមករា ១៩៧៩-ថ្ងៃទី៧ខែមករា២០១៩) ផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុល ពត។
ទិដ្ឋភាពនៃពិធី |
ពិធីនេះបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន, សម្តេច ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជានិងលោកជំទាវ រួមទាំងតំណាស្ថានទូត អង្គការអន្តរជាតិនិងភ្ញៀវកិត្តយសជាច្រើនរូបទៀត។ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh ក៏អញ្ជើញមានវត្តមានក្នុងពិធីដ៏អធឹកអធមមួយនេះផងដែរ។
អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន បានលើកត្រដែត នូវតួនាទីដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរណសិរ្សសាមគ្គីជាតិសង្គ្រោះកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ផ្តួលរលំរបបប្រល័យពូជសាសន៍ប៉ុល ពត នាថ្ងៃ ៧ មករា បញ្ចប់គ្រាខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា បើកចេញ សម័យថ្មី នៃឯករាជ្យភាព សេរីភាព ប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គម។ លោកនាយករដ្ឋ មន្រ្តីហ៊ុនសែនបានអះអាងថា ជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ គឺផ្អែកទៅ លើកម្លាំងចលករចំនួនពីរ។ ពោលគឺកម្លាំងនៃមហាសាមគ្គីភាពជាតិ ទាំងមូល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានិងជួយឧប ត្ថម្ភដ៏ឧត្តុងឧត្តម ទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពរបស់ក្រុមកងទ័ពស្ម័គ្រចិត្តវៀតណាម។
សូមជម្រាបថា ក្រោយរយៈពេល៤០ឆ្នាំនៃការស្ថាបនានិងកសាងប្រទេសជាតិ កម្ពុជាទទួលសមិទ្ធផលជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ នាប៉ុន្មានឆ្នាំថ្មីៗនេះ កំណើន GDP របស់កម្ពុជាបានរក្សានៅកម្រិត៧%។ ពីប្រទេសក្រីក្រមួយ កម្ពុជាបច្ចុប្បន្នបានក្លាយទៅជាប្រទេសមានការអភិ វឌ្ឍគួរឲ្យកត់សម្គាល់៕