ការកក់សំបុត្រយន្តហោះទៅកាន់អាស៊ានបានកើនឡើងយ៉ាងខ្លាំង
(VOVWORLD) - នេះគឺជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យទេសចរណ៍និងបណ្តាក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។
រូបភាព៖ dantri |
កាលពីឆ្នាំមុន បរិមាណភ្ញៀវទេសចរណ៍រអន្តរជាតិចូលមកតំបន់អាស៊ី-ប៉ាស៊ីហ្វិកបានធ្លាក់ចុះ ៩៣% ពីកម្រិតមុនជំងឺរាតត្បាត ដែលបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ពឹងផ្អែកលើសេវាកម្មដឹកជញ្ជូនទំនិញសម្រាប់ប្រាក់ចំណូល នៅពេលដែលទីផ្សារធ្វើដំណើរដ៏ធំសម្បើមរបស់ចិននៅតែបិទទ្វារ។
ទោះជាយ៉ាងណាក៏ដោយ នាពេលថ្មីៗនេះ ប្រទេសមួយចំនួនដូចជា ថៃ ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី និងសិង្ហបុរី បានចាប់ផ្តើមបើកទ្វារព្រំដែនរបស់ខ្លួនឡើងវិញ ហើយបន្ធូរបន្ថយការធ្វើចត្តាឡីស័កតាមកម្រិតផ្សេងៗគ្នា ដោយសារតែភ្ញៀវទេសចរណ៍អន្តរជាតិបានទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ យ៉ាងគ្រប់គ្រាន់។
យោងតាមទិន្នន័យពីក្រុមហ៊ុនកក់សណ្ឋាគារ និងសំបុត្រយន្តហោះតាមអ៊ីនធឺរណេត Skyscanner បានឱ្យដឹងថា បរិមាណភ្ញៀវទេសចរណ៍អន្តរជាតិដែលបានកក់សំបុត្រយន្តហោះទៅកាន់ប្រទេសអាស៊ានដូចជា ថៃ ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី និងសិង្ហបុរី បានហក់ឡើងខ្ពស់ក្នុងខែមករា។ បរិមាណការកក់សំបុត្រយន្តហោះទៅមកថ្នាក់សេដ្ឋកិច្ច ពីចក្រភពអង់គ្លេស អាមេរិក អាល្លឺម៉ង់ ទៅកាន់បណ្តាប្រទេសអាស៊ាន បានកើនឡើងពី ១៩% - ៣០០% បើប្រៀបធៀបនឹងខែធ្នូឆ្នាំ២០២១៕