កូរ៉េខាងត្បូងជំរុញគំនិតផ្ដួចផ្ដើមជួបជុំគ្នាតាមប្រព័ន្ធវីដេអូជាមួយ ស.ប.ប.កូរ៉េ
(VOVWORLD) - វិមានប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី ២៩ ខែកក្កដា បានប្រកាសថា ទីក្រុងសេអ៊ូលនឹងជំរុញការជួបជុំគ្នាតាមប្រព័ន្ធវីដេអូចំពោះក្រុមគ្រួសារដែលត្រូវព្រាត់ប្រាសជាមួយទីក្រុងព្យុងយ៉ាង ហើយចាត់ទុកថានេះគឺជាគម្រោងអន្តរកូរ៉េដ៏ចាំបាច់បំផុត។
លោកយាយ Kang Jung-ok (ឆ្វេង) អាយុ ១០០ ឆ្នាំរស់នៅប្រទេសកូរ៉េខាងត្បូងបានជួបជុំជាមួយបងស្រីរបស់គាត់ឈ្មោះ Kang Jong Hwa (កណ្ដាល) អាយុ ៨៥ ឆ្នាំរស់នៅប្រទេសកូរ៉េខាងជើងក្នុងពិធីជួបជុំគ្រួសារដែលបែកគ្នានៅភ្នំ Kumgang ក្នុងឆ្នាំ ២០១៨ (រូបថត៖ TTXVN) |
មន្រ្តីមួយរូប នៃវិមានប្រធានាធិបតីបានបង្ហើបគំនិតនេះនៅពេលធ្វើអត្ថាធិប្បាយអំពីការដែលរដ្ឋអំណាចរបស់ប្រធានាធិបតី Moon Jae-in កំពុងស្វែងរកវិធីអនុវត្តន៍ព្រឹត្តិការជួបជុំគ្នាតាមប្រព័ន្ធវីដេអូជាមួយ ស.ប.បកូរ៉េ ក្រោយពីបណ្តាញទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរត្រូវបានស្ដារឡើងវិញកាលពីថ្ងៃទី ២៧ខែកក្កដា កន្លងទៅ។
កាលពីថ្ងៃទី ២៨ ខែកក្កដា លោក Park Soo Hyun លេខាធិការសារព័ត៌មាននៃវិមានប្រធានាធិបតីបានឲ្យដឹងថា ទីក្រុងសេអ៊ូលកំពុងពិចារណារៀបចំការសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ ទីក្រុងព្យុងយ៉ាង ក្រោយពី ប្រទេសទាំងពីរបានស្ដារបណ្តាញទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរឡើងវិញ។ លោក Park Soo Hyun បានចាត់ទុកថាការស្ដារបណ្តាញទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ គឺជាសញ្ញាសម្គាល់ ដោយចាប់ផ្ដើមដំណើរការកែលម្អទំនាក់ទំនងទ្វេភាគីផងដែរ៕