កូរ៉េខាងត្បូងជំរុញឲ្យកូរ៉េខាងជើងមានកិច្ចសន្ទនាអំពីនុយក្លេអ៊ែរ

(VOVWORLD) - អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Choi Jong-kun នៅថ្ងៃទី ២៣ ខែកុម្ភៈបានជំរុញឱ្យកូរ៉េខាងជើងវិលត្រឡប់ទៅរកកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរវិញ ព្រមទាំងបានបញ្ជាក់ថា ដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េគឺជាផ្លូវដែលមិនអាចចៀសផុតបាន។

ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីការរំសាយសព្វាវុធនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) លោក Choi Jong-kun បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែង នាបច្ចុប្បន្នរបស់ទីក្រុងសេអ៊ូលដើម្បីធ្វើការជាមួយក្រុងព្យុងយ៉ាង ឆ្ពោះទៅរកគោលដៅនៃការកសាងឧបទ្វីបកូរ៉េគ្មាននុយក្លេអ៊ែរនិងសន្តិភាពយូរអង្វែងក្នុងតំបន់។ កូរ៉េខាងត្បូងនឹងបន្តសហការជាមួយមិត្តភក្តិនិងបណ្តាប្រទេសជាដៃគូដើម្បីសម្រេចគោលដៅរួមនៃការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងតាមវិធានការសន្តិភាព។

ការចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែររវាងកូរ៉េខាងជើងនិងអាមេរិកនៅតែជាប់គាំងនៅឡើយ បន្ទាប់ពីជំនួបកំពូលរវាងអាមេរិកនិងកូរ៉េខាងជើងលើកទី ២ នៅដើមឆ្នាំ ២០១៩ រវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un និងប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង។ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងខិតខំប្រឹងប្រែងបង្កើតឱកាសថ្មីដើម្បីស្តារការចរចាឡើងវិញជាមួយរដ្ឋអំណាចប្រធានាធិបតីអាមេរិក Joe Biden ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ