កូរ៉េខាងត្បូងនិងអូស្ត្រាលីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក

(VOVWORLD) - ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne បានសង្កត់ធ្ងន់ថា សន្តិភាពនិងស្ថិរភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ អាចសម្រេចបានតាមរយៈការសន្ទនាតែប៉ុណ្ណោះ។

កូរ៉េខាងត្បូងនិងអូស្ត្រាលីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញស្ថិរភាពក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ក្នុងកិច្ចសន្ទនា ២+២ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ១៣ ខែកញ្ញា រវាងរដ្ឋមន្ត្រីការបរទេសលោក Chung Eui-yong និងរដ្ឋមន្ត្រីការពារជាតិលោក Suh Wook របស់កូរ៉េខាងត្បូង ជាមួយសមភាគីអូស្ត្រាលី គឺលោកស្រី  Marise Payne និងលោក Peter Dutton។  រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne បានវាយតម្លៃថា អូស្ត្រាលីនិងកូរ៉េខាងត្បូងគឺជាប្រទេសពីរ ដែលមានទស្សនវិស័យរួមគ្នាសម្រាប់តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយ ប្រកប ដោយសុវត្ថិភាព បើកចំហ និងវិបុលភាព ដោយផ្អែកលើពាណិជ្ជកម្មសេរីនិងនីតិរដ្ឋ។ លោកស្រីក៏បានសម្តែងការប្រឆាំងជំទាស់ចំពោះ “សកម្មភាពសេដ្ឋកិច្ចមានលក្ខណៈបង្ខិតបង្ខំ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់”។

ចំពោះបញ្ហាកូរ៉េខាងជើងវិញ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Chung Eui-yong បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ គឺការតភ្ជាប់កិច្ចសន្ទនាជាមួយកូរ៉េខាងជើងឡើងវិញ។  ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne បានសង្កត់ធ្ងន់ថា សន្តិភាពនិងស្ថិរភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ អាចសម្រេចបានតាមរយៈការសន្ទនាតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ