កូរ៉េខាងត្បូងបានផ្អាកមួយផ្នែកនៃកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ ២០១៨
(VOVWORLD) - រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃទី ២២ ខែវិច្ឆិកា បានអនុម័តលើសំណើមួយ ផ្អាកមួយផ្នែកនៃកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៨។
ការសម្រេចខាងលើត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិសាមញ្ញ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Han Duck-Soo។ មុននោះ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបានប្រកាសថា ខ្លួននឹងចាត់វិធានការដើម្បីផ្អាកជាបណ្តោះអាសន្ននូវផ្នែកមួយនៃកិច្ចព្រមព្រៀងខាងលើ ក៏ដូចជាបន្តសកម្មភាពស៊ើបការណ៍និងឃ្លាំមើលនៅជុំវិញតំបន់ព្រំដែនអន្តរកូរ៉េ។
មីស៊ីលរបស់ស.ប.បកូរ៉េ ដែលដឹកផ្កាយរណបស៊ើបការណ៍យោធាត្រូវបានបាញ់បង្ហោះ នៅថ្ងៃទី ២២ ខែវិច្ឆិកា។ រូបថត៖ KCNA |
នេះត្រូវបានចាត់ទុកថាជាប្រតិកម្មរបស់កូរ៉េខាងត្បូងចំពោះការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធា របស់ស.ប.ប កូរ៉េ នាពេលថ្មីៗនេះ។ មុននោះ ប្រព័ន្ធផ្សព្វផ្សាយនៃស.ប.បកូរ៉េ បានបញ្ជាក់ថា នាយប់ថ្ងៃទី២១ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) ប្រទេសនេះបានបាញ់បង្ហោះមីស៊ីលប្រភេទថ្មីដោយជោគជ័យ ដើម្បីបញ្ជូនផ្កាយរណប ចូលទៅក្នុងតារាវិថីនៃភពផែនដី។
កិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ(CMA) ត្រូវបានចុះហត្ថលេខាដោយភាគីកូរ៉េទាំងពីរកាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៨ ដោយអំពាវនាវឱ្យបញ្ឈប់រាល់សកម្មភាពយោធាអរិភាពរវាងភាគីទាំងពីរ ការបង្កើតតំបន់ទ្រនាប់លើសមុទ្រនិងប្រែក្លាយទៅជាតំបន់គ្មានយោធា (DMZ) ក្លាយជាតំបន់សន្តិភាព និងវិធានការជាច្រើនទៀត៕