ការងារសារព័ត៌មានកិច្ចការបរទេសត្រូវបន្តមានភាពច្នៃប្រឌិត សមកាលកម្ម ទាន់ពេលវេលានិងមានប្រសិទ្ធភាព
(VOVWORLD) - នាយប់ថ្ងៃទី៥ ខែវិច្ឆិកា នៅសាលមហោស្រពហាណូយ គណៈកម្មការឃោសនាអប់រំមជ្ឈិម និងគណៈកម្មាធិការដឹកនាំការងារព័ត៌មានកិច្ចការបរទេសបានសម្របសម្រួលជាមួយកាសែតប្រជាជន និងស្ថាប័នពាក់ព័ន្ធរៀបចំពិធីប្រគល់រង្វាន់ជាតិស្តីពីព័ត៌មានកិច្ចការបរទេស លើកទី ៨។
សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Vo Van Thuong ថ្លែងនៅក្នុងពិធីប្រគល់រង្វាន់ |
បន្ទាប់ពីរយៈពេល ៤ ខែនៃការដាក់ឱ្យដំណើរការពានរង្វាន់ (ខែមេសា ដល់ខែសីហា ឆ្នាំ ២០២២) គណៈកម្មាធិការរៀបចំទទួលបានស្នាដៃចំនួន ១.១៧២ កើនឡើង ១១% បើប្រៀបធៀបទៅនឹងពានរង្វាន់លើកទី ៧ និងច្រើនជាងគេក្នុងចំណោមអំឡុងពេលរៀបចំពានរង្វាន់។ ស្នាដៃនេះត្រូវបានបង្ហាញជា ១៤ ភាសា រួមមានៈ វៀតណាម អង់គ្លេស បារាំង ចិន រុស្ស៊ី អេស្បាញ ឡាវ ខ្មែរ កូរ៉េខាងត្បូង ជប៉ុន ថៃ ព័រទុយហ្គាល់ កាហ្សាក់ អាល្លឺម៉ង់។ គណៈវិនិច្ឆ័យបានវាយតម្លៃថា ស្នាដៃចូលរួមប្រឡងក្នុងឆ្នាំនេះមានខ្លឹមសារសម្បូរបែប និងចម្រុះ។
អ្នកនិពន្ធ Tran Thi Loan (គម្របខាងឆ្វេង) តំណាងក្រុមអ្នកនិពន្ធនៃកម្មវិធីភាសាបារាំង VOV5 ទទួលរង្វាន់ |
អញ្ជើញថ្លែងមតិក្នុងពិធី ដោយវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃពានរង្វាន់ឆ្នាំនេះ លេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Vo Van Thuong បានសង្កត់ធ្ងន់ថា ក្នុងបរិបទថ្មី ការងារព័ត៌មានកិច្ចការបរទេសត្រូវបន្តការច្នៃប្រឌិត សមកាលកម្ម ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព រួមចំណែកបង្កើតការស្រុះចិត្តគំនិតក្នុងសង្គម ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល ទាញយកផលប្រយោជន៍ពេញលេញពីធនធានខាងក្រៅសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានក៏បានស្នើថា កម្លាំងដែលបំពេញការងារសារព័ត៌មានកិច្ចការបរទេស គួរតែបង្ហាញយ៉ាងច្បាស់នូវការត្រួសត្រាយ និងលោតផ្លោះក្នុងវិធីសាស្ត្រសារព័ត៌មានកិច្ចការបរទេស។
ក្រុមអ្នកនិពន្ធទទួលបានរង្វាន់លេខ ៣ |
ក្រៅពីពានរង្វាន់សំខាន់ៗ ឆ្នាំនេះ គណៈកម្មាធិការរៀបចំពានរង្វាន់ព័ត៌មានកិច្ចការបរទេសក៏បានផ្តល់កិត្តិយសពិសេសដល់ "សហគមន៍អ្នកគាំទ្រវៀតណាមក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣១" ដែលជាកម្លាំងដែលបានរួមចំណែកយ៉ាងសំខាន់ដល់ ជោគជ័យនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។
គណៈកម្មាធិការរៀបចំកម្មវិធីបានប្រគល់រង្វាន់ទៅលើស្នាដៃល្អៗចំនួន ១១២ រង្វាន់ រួមមាន រង្វាន់ទី ១ ចំនួន ១០ រង្វាន់, រង្វាន់ទីពីរចំនួន ២១ រង្វាន់ រង្វាន់ទីបីចំនួន ៣០ រង្វាន់ និងរង្វាន់លើកទឹកចិត្តចំនួន ៥១ ។ ក្នុងនោះ វិទ្យុសម្លេងវៀតណាម ទទួលបានជ័យលាភីលេខ ១ ចំនួន១, រង្វាន់ទី២ ចំនួន៤, រង្វាន់ទី៣ ចំនួន២រង្វាន់។ រួមវិភាគទានដល់ជោគជ័យជារួមរបស់វិទ្យុសម្លេងវៀតណាម គណៈកម្មាធិការផ្សាយសម្លេងបរទេស (VOV5) ទទួលបានជ័យលាភីលេខ ១ ដោយស្នាដៃ “ដោះលេខកូដនៃការស្តារកំណើននៅវៀតណាម” (ក្រុមអ្នកនិពន្ធកម្មវិធីបារាំង); រង្វាន់លេខ ២ មានចំនួន ៣ រួមមានៈ “វៀតណាម និងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមិត្ត ដើម្បីសមភាព និងសន្តិភាព” (កម្មវិធីភាសារុស្ស៊ី) និង ““ពេលនៅទីក្រុងរ៉ូម ចូរធ្វើដូចជនជាតិរ៉ូមធ្វើ” ” (កម្មវិធីភាសាអង់គ្លេស)៕