ការចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជិត​នឹង​សម្រេច​បាន​​វឌ្ឍនភាព​សំខាន់

(VOVWORLD) - នៅថ្ងៃទី៤ ខែមីនា ប្រធានគណៈប្រតិភូរុស្ស៊ីដែលចូលរួមក្នុងការចរចារសំដៅស្តារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលបានចុះហត្ថលេខារវាងមហាអំណាចពិភពលោក និងអ៊ីរ៉ង់ លោក Mikhail Ulyanov បានឲ្យដឹងថាទំនងជាភាគីទាំងអស់នឹងសម្រេចបានកិច្ចព្រមព្រៀងមួយនាសប្តាហ៍ខាងមុខ។
ការចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជិត​នឹង​សម្រេច​បាន​​វឌ្ឍនភាព​សំខាន់ - ảnh 1តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំ IAEA លោក Mikhail Ulyanov ។ (រូបថត៖ IRNA/TTXVN)

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Mikhail Ulyanov បានចាត់ទុកថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនជាស្រេច សម្រាប់កិច្ចចរចាដោយផ្ទាល់ជាមួយអាមេរិកនោះទេ ប៉ុន្តែភាគីនានាអាចនឹងមានកិច្ចព្រមព្រៀងមួយនៅពាក់កណ្តាលសប្តាហ៍ក្រោយ។

នាថ្ងៃដដែល មន្ត្រីការទូតអង់គ្លេស លោកស្រី Stephanie Al-Qaq ក៏បានឲ្យដឹងថា កិច្ចព្រមព្រៀងមួយស្តីពីការស្តារឡើងវិញ នៃផែនការសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ដែលជាឈ្មោះហៅផ្លូវការនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ “កាន់តែនៅក្បែរហើយ” ។ នៅលើបណ្តាញសង្គម Twitter របស់ខ្លួន ដោយលើកឡើងពីអ្នកចរចារបស់អង់គ្លេស បារាំង និងអាល្លឺម៉ង់ លោកស្រី Al-Qaq បានលើកច្បាស់ថា “យើងកំពុងតែនៅក្បែរហើយ។ អ្នកចរចា E3 កំពុងចាកចេញពីទីក្រុងវីយ៉ែន ដើម្បីធ្វើបច្ចុប្បន្នភាពស្ថានការណ៍ សម្រាប់បណ្តារដ្ឋមន្ត្រី”។

ក្នុងពេលជាមួគ្នានោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីមកកាន់ទីក្រុងវីយ៉ែន ប្រសិនបើភាគីទាំងអស់ សម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីការធ្វើឱ្យ JCPOA រស់ឡើងវិញ៕

 
 

ប្រតិកម្មទៅវិញ

ផ្សេងៗ