ករណីឆ្លងកូវីដ ១៩ ថ្មីចំនួន១០.៥៨៣នាក់ត្រូវបានរកឃើញនៅតាមខេត្តក្រុងចំនួន៣៤
(VOVWORLD) - គិតត្រឹមពេលនេះ វៀតណាមមានករណីត្រូវបានព្យាបាលជាសះស្បើយចំនួន៤១២.៦៥០នាក់ និងករណីស្លាប់ចំនួន១៦.១៨៦នាក់។
ចាប់ពីម៉ោង១៧ថ្ងៃទី១៤ ដល់ម៉ោង១៧ថ្ងៃទី១៥ កញ្ញា វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសចំនួន១០.៥៨៣នាក់នៅតាមខេត្តក្រុងចំនួន៣៤។ ក្នុងនោះ ទីក្រុងហូជីមិញរកឃើញករណីវិជ្ជមានចំនួន៥.៣០១នាក់ ខេត្ត Binh Duong ៣.២២៨នាក់ ខេត្ត Dong Nai ៨០៨ នាក់....រដ្ឋធានីហាណូយ ១៤នាក់។
ក្នុងថ្ងៃទី១៥ ខែកញ្ញា មានអ្នកជម្ងឺចំនួន១៤.១៨៩នាក់បន្ថែមទៀតបានជាសះស្បើយ ខណៈដែលករណីស្លាប់មានចំនួន២៥០នាក់។ គិតត្រឹមពេលនេះ វៀតណាមមានករណីត្រូវបានព្យាបាលជាសះស្បើយចំនួន៤១២.៦៥០នាក់ និងករណីស្លាប់ចំនួន១៦.១៨៦នាក់។
ពាក់ព័ន្ធដល់ស្ថានភាពជម្ងឺកូវីដ ១៩ នៅរដ្ឋធានីហាណូយ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ទីក្រុងបានគ្រប់គ្រងល្អជាស្ថាពរនូវការឆ្លងរីករាលដាល ចំនួនករណីឆ្លងក្នុងសហគមន៍ក្នុងរយៈពេល៣សប្ដាហ៍ថ្មីៗនេះមាននិន្នាការថយចុះ ហើយទីក្រុងក៏បានសម្រេចរួចរាល់ជាស្ថាពរការធ្វើតេសទ្រង់ទ្រាយធំលើភូមិសាស្ត្រទីក្រុង និងការចាក់វ៉ាក់សាំងដូសទី១ជូនប្រជាពលរដ្ឋទៅហើយ។ ហេតុដូច្នេះ ចាប់ពីម៉ោង១២ថ្ងៃទី១៦ ខែកញ្ញា ចំពោះបណ្ដាខ័ណ្ឌ ស្រុក ទីរួមស្រុកនានាដែលមិនទាន់រកឃើញករណីឆ្លងថ្មីក្នុងសហគមន៍ គិតចាប់តាំងពីម៉ោង៦ថ្ងៃទី៦ ខែកញ្ញា កន្លងមកនេះ គឺត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញអាជីវកម្មមួយចំនួនដូចជា៖ សម្ភារៈការិយាល័យ សៀវភៅ ឧបករណ៍សម្ភារៈសិក្សា; សេវាកម្មជួសជុលមធ្យោបាយគមនាគមន៍ អេឡិចត្រូនិក និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ; សេវាកម្មអាហារនិងភេសជ្ជៈ (លក់បែបវិចខ្ចប់តែប៉ុណ្ណោះ) ហើយបិទទ្វារមុនម៉ោង២១ជារៀងរាល់ថ្ងៃ៕