ការតាំងពិព័រណ៍ “កងកម្លាំងនគរបាលវៀតណាម - កម្ពុជា - ឡាវ - សញ្ញាសម្គាល់នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ“
(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ សីហា នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាមបានរៀបចំពិធីបើកការតាំងពិព័រណ៌ “កម្លាំងនគរបាលវៀតណាម - កម្ពុជា - ឡាវ - សញ្ញាសម្គាល់នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ”។
ពិធីកាត់ខ្សែបូ បើកសម្ពោធការតាំងពិព័រណ៌។ រូបថត៖ Pham Kien/TTXVN |
ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឡាវ (៥ កញ្ញា ១៩៦២ - ៥ កញ្ញា ២០២២); ៤៥ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម-ឡាវ និង ៥៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។ ការតាំងពិព័រណ៍បានដាក់បង្ហាញនិងឧទ្ទេសនាមពីរូបភាពចំនួនជាង៣០០; សម្ភារៈ និងស្នាដៃឆ្នើមចំនួនជាង ៥០០ ដែលបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលនៃប្រទេសទាំងបី។ នេះជាសកម្មភាពជាក់ស្តែង ដើម្បីផ្តល់ព័ត៌មាន និងចំណេះដឹងដល់កម្មាភិបាល យោធិន និងប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយ អំពីអត្ថន័យ និងគុណតម្លៃនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងកងកម្លាំងនគរបាលនៃប្រទេសទាំងបី; តាមនោះ រួមចំណែកក្នុងការពង្រឹង ពូនជ្រុំនិងអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរ ប្រកបដោយនិរន្តរភាពរវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងបី វៀតណាម កម្ពុជា និងឡាវ។
ការតាំងពិព័រណ៌នេះនឹងប្រព្រឹត្តិទៅ រហូតដល់ថ្ងៃទី ១១ ខែកញ្ញា នៅសារមន្ទីរនគរបាលប្រជាជនទីក្រុងហាណូយ៕