ការថែទាំបុណ្យតេតសម្រាប់ជនក្រីក្រនៅតាមមូលដ្ឋាននានា
(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែមករា ផ្សារណាត់បុណ្យតេត “០ ដុង” របស់កាកបាទក្រហមបានមកដល់តំបន់ខ្ពស់ Lao cai។ ផ្សារណាត់ គឺជាអំណោយដ៏មានអត្ថន័យសម្រាប់ប្រជាជននៅតំបន់ដែលជួបការលំបាក នៅពេលដែលបុណ្យតេត និងនិទាឃរដូវមកដល់។
ផ្សារណាត់ត្រូវបានរៀបចំឡើងនៅផ្សារវប្បធម៌ Ta Phoi – Hop Thanh នៃទីក្រុង Lao Cai ដោយមានស្តង់ទំនិញចំនួន ៥ ដាក់លក់ផលិតផលប្រើប្រាស់ប្រចាំថ្ងៃក្នុងតម្លៃ ០ ដុងដល់គ្រួសារលំបាកក្នុងឃុំ/សង្កាត់ ចំនួន ៥ នៅភាគខាងត្បូងនៃទីក្រុង Lao Cai រួមមាន៖ Cam Duong, Ta Phoi, Hop Thanh និង Pom Han ។ លោកស្រី Nong Thi Huan ជនជាតិ Tay នៅឃុំ Hop Thanh ទីក្រុងឡាវកៃ បានចែករំលែកថា៖ “គ្រួសារខ្ញុំស្ថិតក្នុងចំណោមគ្រួសារមានការលំបាកជាពិសេស ថ្ងៃនេះខ្ញុំបានមកទទួលអំណោយ ខ្ញុំមានក្តីសប្បាយរីករាយខ្លាំងណាស់។ សូមអរគុណសមាគមកាកបាទក្រហមខេត្ត ទីក្រុងនិងអាជីវកម្មដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាជននៅឃុំ Hop Thanh យើង”។
នាថ្ងៃដដែលនោះ សមាគមកាកបាទក្រហមខេត្ត Soc Trang សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Vinh Chau (Soc Trang) បានរៀបចំ “ផ្សារណាត់ ០ ដុង” ឆ្នាំ ២០២៤ ។ នៅក្នុងផ្សារណាត់ អំណោយចំនួន ៦០០ កញ្ចាប់ត្រូវបានប្រគល់ជូនគ្រួសារក្រីក្រ ជនចាស់ជរា និងកុមារជនជាតិភាគតិចនៅក្នុងតំបន់ ដោយថវិកាសរុបជាង ២០០ លានដុង (ជិត ៨.២០០ ដុល្លារ) ពីការចលនាសប្បុរសជនទាំងក្នុងនិងក្រៅខេត្ត។ ផ្សារនេះមានគោលបំណងថែទាំស្ថានភាពលំបាក ធានាសុខុមាលភាពសង្គម និងបង្កើតឥទ្ធិពលរីកសាយភាយ យ៉ាងទូលំទូលាយក្នុងសង្គមអំពីការងារមនុស្សធម៌។
ទន្ទឹមនឹងនេះ ចាប់ពីម៉ោង 0:00 ថ្ងៃទី១៥ ខែមករា ដល់ម៉ោង ២៤ ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៤ សមាជិកសហជីពនិងពលករអាចចូលរួមទិញទំនិញ និងផលិតផលប្រើប្រាស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនៅកម្មវិធី "ផ្សារបុណ្យតេតសហជីពឆ្នាំ ២០២៤" ដែលត្រូវបានរៀបចំឡើងនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Shopee, Tiki...។ នៅពេលទិញទំនិញ និងផលិតផលក្នុងកម្មវិធីដែលបានរៀបចំឡើងនៅលើ Shopee, Tiki សមាជិកសហជីពពលករនឹងទទួលបានការបញ្ចុះតម្លៃផលិតផល និងទំនិញរហូតដល់ ៥០% បើប្រៀបធៀបនឹងតម្លៃទីផ្សារ ឬតម្លៃចុះបញ្ជីរបស់អ្នកលក់៕